Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យបរិស្ថាន ៖ បទល្មើសធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិ លែងកើតមានទៀតហើយ

ភ្នំពេញ ៖ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិ លែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗ កើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

លោកនេត ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា រយៈពេល ៦ ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាត នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ៥១៥ ករណីដែលករណីភាគច្រើនទាក់ទង នឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន ១៨២ គ្រឿង គោយន្តចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រចំនួន ២៤ គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិ លែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្ត បេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅ ក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ចំពោះគ្រប់ភាគីទាំងអស់ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធាន ធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុ វត្តច្បាប់ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវ គោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជា ប្រចាំសម្រាប់ការរស់នៅរបស់ ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ ក្នុងការគិតគូររៀបចំការ អភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារនិងអភិរក្ស មានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យ លើការលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅ តាមសហគមន៍តំបន់ការពារធម្មជាតិ ចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់ នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×