ខេត្តសៀមរាប ៖ នេះជារឿងមួយដ៏មិននឹកស្មាន និងក៏សូមចូលរួមសោកស្តាយផងដែរ ចំពោះលោក យន់ សំបូរ ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ បើទោះជាលោកបានជាសះស្បើយពីជំងឺនេះទៅហើយក៏ដោយ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Vat ដែលត្រូវជាប្អូនថ្លៃ បានឲ្យដឹងថា ក្រោយពេលតេស្តឃើញវិជ្ជមានកូវីដ -១៩ លោក យន់ សំបូរ ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា បានចូលសម្រាកព្យាបាលជំងឺកូវីដ -១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី ១៨ មិថុនា ២០២១ និងបានជាសះស្បើយមួយភាគរយ ចេញពីមន្ទីរពេទ្យវិញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយគ្រូពេទ្យឲ្យសម្រាកបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ទៀតផងដែរ។
ប៉ុន្តែដោយសារតែស្ថានភាពជំងឺរបស់លោកធ្ងន់ធ្ងរ ជាមួយជំងឺប្រព័ន្ធផ្លូវដង្ហើមរំុារ៉ៃ និងបូករួមជាមួយជំងឺកូវីដ-១៩ ថែមទៀតផងនោះ នៅទីបំផុត លោកក៏បានទទួលមរណភាពតែម្តងទៅ កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃ ១៣ កក្កដា ២០២១។

សូមជម្រាបឲ្យដឹងផងដែរថា លោក យន់ សំបូរ គឺជាស្ថាបនិកមួយរូប ដែលជាអ្នកបង្កើតអង្គការព័ន្ឋកិច្ចអប់រំកុមារកម្ពុជា នេះឡើងតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន។ លោកបានជួយកុមារជាច្រើន ពិសេសនៅទីក្រុងប៉ោយប៉ែត តែឥឡូវអង្គការរបស់លោកបានបន្តបេសកម្មនៅខេត្តសៀមរាបវិញ។ ទោះមិនបានលេចធ្លោនៅក្នុងសង្គមក៏ដោយ ក៏គាត់និងក្រុមគ្រួសារនៅតែបន្តព័ន្ធកិច្ចនេះដោយក្តីស្រឡាញ់ និងបានលះបង់សេចក្តីសុខរបស់ខ្លួន ដើម្បីកុមារកម្ពុជាបានរៀនសូត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





