ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់យុវជនជាប់ចោទចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតករ សម្លាប់ប្អូនជីដូនមួយជាសិស្សថ្នាក់ ទី ១២ ដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់នាង ប្រព្រឹត្តនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពី អំឡុង ឆ្នាំ២០១៦។
សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទ ថ្ងៃទី ២៧ ខែ មិនាឆ្នាំ ២០១៧ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់ពួកគេ ជាប់ពន្ធនាគារម្នាក់ៗ កំណត់ពី ៣០ឆ្នាំ ទៅអស់មួយជីវិត តែបើកផ្លូវឲ្យពួកគេ ប្តឹងសារទុក្ខ ទៅតុលាការកំពូល តាមច្បាប់កំណត់។
លោកជំទាវខៀវ សុខា ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការថា ជនជាប់ចោទទាំង៣នាក់នេះ មានឈ្មោះ ទី១ ឈ្នោះ ជុំ វីរៈ ភេទប្រុស អាយុ ២២ ឆ្នាំ ជាប់ពន្ធនាគារអស់មួយជីវិត ចំណែកបក្ខពួក ២ នាក់ទៀត មាន ឈ្មោះ ហុង សុជោតា ភេទ ប្រុស អាយុ ២១ ឆ្នាំ និង ឈ្មោះ លឹម បញ្ញវ័ន្ត ភេទ ប្រុស អាយុ ២២ ឆ្នាំ ត្រូវជាប់ពន្ធាគារម្នាក់ៗ កំណត់ ៣០ ឆ្នាំ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា ២០០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទទាំង០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេ បានរៀបចំគម្រោងសម្លាប់ជនរងគ្រោះឈ្មោះ វ៉ុន រដ្ឋា អាយុ ១៩ ឆ្នាំ សិស្ស ថ្នាក់ទី ១២ នៃ វិទ្យាល័យ ពងទឹក ដែលត្រូវជាប្អូនជីដូនមួយ របស់ ឈ្មោះ ជុំ វីរៈ ដើម្បីប្លន់យកម៉ូតូ និង ទូរស័ព្ទដៃប្រណិតមួយគ្រឿងរបស់នាង នៅក្នុងផ្ទះបាក់បែក បោះបង់ចោលមួយ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

យោងតាមឯកសាររបស់តុលាការ, នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ គឺមានជនជាប់ចោទសរុបចំនួន ៧ នាក់ដែលជាប់ពាក់ព័ន្ធ និង ត្រូវចាប់និងឃុំខ្លួននៅក្នុងពន្ឌនាគារកន្លងមក។
ជនជាប់ចោទ៤នាក់ទៀតនោះ គឺមានឈ្មោ ទី ១ សុខ សុភាព ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី ២ ឈ្មោះ សុខ សុភា ភេទ ប្រុស អាយុ ២២ ឆ្នាំ ទី ៣ ឈ្មោះ ឡេង ដានី ភេទស្រី អាយុ ១៨ ឆ្នាំ និង ទី ៤ ឈ្មោះ គ្រី ចន្ធូ ភេទស្រី អាយុ ១៨ ឆ្នាំ ត្រូវ ជាប់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំកន្លះ ពីបទ ” ទទួលផលចោរកម្ម និងសមគំនិតទទួលផលចោរកម្ម” ។
គួរបញ្ជាក់ថា នាពេលសវនាការកន្លងមក, ជនជាប់ចោទ ជុំ វីរៈ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដោយ វាយនឹងដុំឥដ្ឋជាច្រើនលើក រហូតដល់ស្លាប់ រួចបក្ខពួក ២ នាក់ទៀត ឈ្មោះ ហុង សុជោតា និង លឹម បញ្ញវ័ន្ត បានយក ទូរស័ព្ទនិងម៉ូតូរបស់ជនរងគ្រោះ ទៅទុកនៅបន្ទប់ជួល របស់ឡេង ដានី និង ឈ្មោះ គ្រី ចន្ធូ នៅទឹកថ្លា ខណ្ឌសែនសុខ។
កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៦ ជនរងគ្រោះ ឈ្មោះ វ៉ុន រដ្ឋា អាយុ ១៩ ឆ្នាំ សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ពងទឹក ដែលត្រូវជាប្អូនជីដូនមួយ របស់ ឈ្មោះ ជុំ វីរៈ ត្រូវបានគេឃើញស្លាប់នៅក្នុងផ្ទះបាក់បែក បោះបង់ចោលមួយនៅក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នៅថ្ងៃដដដែលនោះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនជាប់ចោទទាំង ៧ នាក់ខាងលើ បញ្ជូន ទៅតុលាការរាជធានីភ្នំពេញ៕
រក្សាសិទ្ធិដោយ ចន្ទា ភា