Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតចិន ៖ គម្រោងពង្រីកផ្លូវជាតិលេខ១១ បានប្រគល់ដោយជោគជ័យ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រនេះ បានចេញផ្សព្វផ្សាយព័ត៌មានថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។

ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់ សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែល នៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យ អាជីវកម្មបានយ៉ាងល្អប្រសើរ។

ក្នុងរយៈពេលនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ ចំពោះគុណភាពនៃគម្រោងខាងលើ។ ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោង នឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ រដ្ឋាភិបាលចិនបានផ្តល់ការជួយ និងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញគម្រោងជីវភាពរស់នៅ របស់ប្រជាជនក្នុងប្រទេសកម្ពុជា ដោយតាមរយៈការផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទាន សម្បទាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×