ភ្នំពេញ ៖ ក្នុងគោលការណ៍ណែនាំទូទៅ ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យ ស្ថាប័នរដ្ឋ និងឯកជន អនុវត្តការធ្វើតេស្តទៅលើ មន្ត្រី បុគ្គលិក និយោជិត របស់ខ្លួនឱ្យបានញឹកញាប់ ដែលយ៉ាងហោចណាស់ ១ដង ទៅ ២ដង ក្នុងមួយសប្តាហ៍។

ក្នុងសេចក្តីណែនាំគោលការណ៍ទូទៅ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩នេះទៀតសោត ក៏មានចំណុចសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានលើកឡើង ដើម្បីពង្រីកសមត្ថភាពនៃការរុករក និងកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ ហើយឈានទៅកាត់ផ្ដាច់ការចម្លង និងព្យាបាលទាន់ពេលវេលា។ ចំណុចសំខាន់ៗមានដូចជា ÷
១- ពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ និងឯកជន ក្នុងការប្រើប្រាស់ឧបករណ៍ តេស្តរហ័ស ដើម្បីការពារស្ថាប័ន និងបុគ្គលិករបស់ខ្លួន ព្រមទាំងបុគ្គលពាក់ព័ន្ធ ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
២- ពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នមានសមត្ថកិច្ច ក្នុងការចូលរួមរុករកកំណត់មុខសញ្ញានៃអ្នកផ្ទុកមេរោគកូវីដ-១៩ និងគ្រប់គ្រងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងទាន់ ពេល នៅក្នុងសហគមន៍ ដើម្បីចាត់វិធានការ។

៣- ធានាភាពងាយស្រួល គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពោលគឺ តាមដានឆាប់ដឹង ឆាប់មានវិធានការ។
ក្នុងគោលការណ៍ណែនាំនេះ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ដោយសារការធ្វើតែស្តរហ័សនេះ ចំណាយរយៈពេលខ្លី និងប្រើប្រាស់ថវិកាតិច , ឧបករណ៍តេស្តរហ័សនេះនឹងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការរុករកករណីលាក់បាំង (ដូចជាករណីដែលមិនមានរោគសញ្ញា) ។

ការអនុវត្តនេះ ដើម្បីរក្សានិរន្តរភាពការងារនៅតាមទីតាំងមួយចំនួន ដូចជា គ្រឹះស្ថានសេវាសុខាភិបាលសាធារណៈរបស់រដ្ឋ និងឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស ដោយរួមទាំងកន្លែងស្នាក់នៅប្រមូលផ្តុំក្នុងការដ្ឋាន សំណង់, ផ្សារ, ធនាគារ, មណ្ឌលកម្សាន្តនានា និងទីកន្លែងអាជីវកម្មផ្សេងទៀត។
គោលការណ៍នេះ មានសារសំខាន់ ចំពោះការគ្រប់គ្រងទៅលើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមបរិយាកាសសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ ដូច្នេះការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជាញឹកញាប់ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកវត្តមាននៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងទាំងនោះ ដើម្បីឈានទៅកាត់ផ្ដាច់ និងមានវិធានការព្យាបាលទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN




















