Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ លើគោលការណ៍ស្ម័គ្រចិត្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញផែនការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីបង្កើតភាពសុាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំនេះ បានធ្វើឡើងតាមសារជាសំឡេងពិសេសមួយនាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការគិតគូរយ៉ាងម៉ត់ចត់ ទៅលើបរិយាកាសភាពសុាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន។ ជាពិសេសផ្តោតការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់យើងមានតម្រូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ក្មេងអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានចំនួនប្រមាណ ១លាន ៩សែន ឬនិយាយជាលេខមូលស្មើនឹង ២លាននាក់។ តាមរយៈចំនួននេះ កម្ពុជាត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូសបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលទ្ធកម្មវ៉ាក់សាំងឱ្យស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនក្មេងៗប្រមាណជា ២លាននាក់នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាល ឱ្យនាំកូនៗទៅចាក់វ៉ាក់សាំង ដើម្បីទទួលបានកងការពារការវាយប្រហារពីជំងឺកូវីដ១៩។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមឱកាសនេះអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារត្រៀមខ្លួន ដើម្បីនាំកូននាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឱ្យមានភាពសុាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ។ រឿងនេះជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់សម្រាប់ក្មេងៗនេះ នឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន ៣ការពារ និង៣កុំ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×