Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វខ្ទីង មានតិចតួចណាស់ និងកំពុងមានការថយចុះ ដោយសារទីជម្រកធម្មជាតិជាច្រើន របស់ខ្ទីង កំពុងតែរងការបាត់បង់ បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ

ភ្នំពេញ ៖ អង្គការ WCS Cambodia បានឲ្យដឹងថា សត្វខ្ទីងគឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅនិងរុក្ខជាតិជាអាហារដែល មានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិសនៅលើពិភពលោក។

ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ។ ខ្ទីងមានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍។ ក៏ប៉ុន្តែចំនួន របស់វាបានថយចុះជាង ៨០ភាគរយក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។

ចំនួនសត្វខ្ទីងនៅលើពិភព លោកបានថយចុះ ៩០ភាគរយចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

កត្តាគំរាមកំហែងដល់វត្តមានរបស់ខ្ទីង រួមមាន ការបាត់បង់ទីជម្រក ការប្រមាញ់យកស្នែង សាច់ និងផ្នែក ផ្សេងៗទៀត ព្រមទាំងជំងឺឆ្លងពីសត្វស្រុកផងដែរ។

នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាង កើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែអង្គការ WCS ជឿថាចំនួនរបស់វាមានតិចតួចណាស់និងកំពុងមានការថយចុះ។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី (ខ្ទីងមួយហ្វូងអាចត្រូវការវាលស្មៅធំជាង ១៥០គីឡូម៉ែត្រក្រឡា) ក៏ប៉ុន្តែ ទីជម្រកធម្មជាតិជាច្រើនរបស់ខ្ទីងកំពុងតែរងការបាត់បង់បន្តិចម្តងៗជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ចំនួនសត្វខ្ទីងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បានថយចុះពី ៤៩៨ក្បាលក្នុងឆ្នាំ ២០១០ មកនៅចំនួនតិចបំផុតនាឆ្នាំ ២០២០។

កិច្ចប្រឹងប្រែងរបស់ក្រុមការងារនៃអង្គការWCS ដែលរួមមាន ក្រុមពង្រឹងការអនុវត្តច្បាប់ ក្រុមស្រាវជ្រាវសត្វព្រៃ និងក្រុមគាំទ្រសហគមន៍ សម្រេចបានជោគជ័យក្នុងផែនការសកម្មភាពអភិរក្សតាមរយៈសកម្មភាពការងារសំខាន់ៗដូចជា ការល្បាតពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ការបរបាញ់ កម្មវិធីអប់រំ និងការល្បាតទប់ស្កាត់ការដាក់អន្ទាក់ ដែលសកម្មភាពទាំងអស់នេះត្រូវបានអនុវត្តព្រមគ្នា។

យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្ទីងត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ «មានដោយក្រម»។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×