ភ្នំពេញ ៖ ការសម្រេចនេះ ធ្វើឡើងដោយលោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ព្រះរាជាអាជ្ញារង នៅព្រឹកថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ ស៊ីន ដាវុធ ភេទប្រុស អាយុ៤៦ ឆ្នាំ ជានាយកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុន ហ្គោលវែល ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យជនជាប់ចោទសងលុយ ចំនួន២៧ម៉ឺនដុល្លារ ទៅដើមបណ្តឹង និងជំងឺចិត្ត២០០លានរៀល។
តុលាការបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស៊ីន ដាវុធ ភេទប្រុស មុនពេលចាប់ខ្លួន មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមដំណើររឿងបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែជនជាតិចិនម្នាក់ ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ចំពោះជនជាតិចិន៣ នាក់ ក្នុងមានប្រុស២នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ ។
តុលាការលើកឡើងថា បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានតម្រូវឲ្យថៅកែជនជាតិចិន ប្រគល់ប្រាក់ មកឲ្យគេ (ស៊ិន ដាវុធ) ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។ ពេលនិយាយត្រូវរ៉ូវគ្នាហើយ ថៅកែជនជាតិចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ ឲ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ ។

លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិ តាមបែបបទរដ្ឋបាល ដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹង បានទាក់ទងទៅឈ្មោះ សុិន ដាវុធ តែជននេះបានគេចវេស នឹងមិនបានជួយចរចាគ្នា ដូចពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាយាមគេចខ្លួនទៀតផង ។
លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នាយកក្រុមហ៊ុន បានតាមរកឃើញឈ្មោះ សុិន ដាវុធ ហើយពេលនោះឈ្មោះ សុិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះ ទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថា នឹងសងប្រាក់នោះទាំងអស់វិញ តែរហូតមកដល់ថ្ងៃចាប់ខ្លួននេះ គឺឈ្មោះ សុិន ដាវុធ មិនបានប្រគល់លុយមកឲ្យវិញនោះទេ ។
ដោយសារតែមានរឿងដូច្នេះហើយ ទើបនាយកក្រុមហ៊ុន (ថៅកែចិន) បានពឹងពាក់មេធាវីការពារក្តី ដោយអាណត្តិ ដើម្បីប្តឹងជនសង្ស័យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងក្រុមហ៊ុននោះតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន៕ រក្សាសិទ្ធិដោយ៖ជំនោ