Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបានបង្ហាញជំហរ ជំរុញឱ្យមានការបញ្ចប់ការចរចាលើ «ការឧបត្ថម្ភធនវិស័យជលផល» ឱ្យបានចប់មុនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅចុងឆ្នាំ២០២១

ភ្នំពេញ ៖ ក្នុងសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្លែងដោយ ឯកអគ្គរាជទូត ឡុង កែមវិចិត្រ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មថ្នាក់រដ្ឋមន្ត្រីស្ដីពី «ការឧបត្ថម្ភធនវិស័យជលផល» ក្រោមអធិបតីភាព លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានបង្ហាញជំហរក្នុងការជំរុញឱ្យមានការបញ្ចប់ការចរចាលើ «ការឧបត្ថម្ភធនវិស័យជលផល» ឱ្យបានចប់មុនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅចុងឆ្នាំ២០២១ នេះនៅទីក្រុងហ្សឺណែវ។

ជាមួយនោះដែរ កម្ពុជាក៏បានស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញ លើការឧបត្ថម្ភធនវិស័យជលផល ទៅដល់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាព ដោយការនេសាទទាំងនេះ មិនប៉ះពាល់ទៅដល់ការខូចខាត នូវផលនេសាទ ឬស្ដុកត្រី ឬនីរន្តរភាពជលផលនៅលើពិភពលោកឡើយ។
ក្រៅពីនេះ កម្ពុជាក៏បានលើកឡើងថា ការធ្វើនេសាទឬសកម្មភាពពាក់ព័ន្ធនឹងនេសាទនានា ដែលប្រើប្រាស់ពលកម្មដោយបង្ខំ ក៏គួរតែត្រូវហាមឃាត់ក្នុងរូបរាងណាមួយ នៃកិច្ចព្រមព្រៀងនេះផងដែរ។

សូមជម្រាបជូនផងដែរ ការចរចាកិច្ចព្រមព្រៀងស្ដីពី «ការឧបត្ថម្ភធនវិស័យជលផល» ត្រូវបានចាប់ផ្ដើមនៅឆ្នាំ២០០១ ក្នុងគោលបំណងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដោយចីរភាពលេខ ១៤.៦ របស់អង្គការសហប្រជាជាតិគឺ «ហាមឃាត់ការឧបត្ថម្ភធនជលផលមួយចំនួន ដែលរួមចំណែកដល់ការនេសាទ ហួសសមត្ថភាព និងហួសកម្រិត និងលុបបំបាត់ការឧបត្ថម្ភធន ដែលរួមចំណែកដល់ការនេសាទខុសច្បាប់ មិនមានការគ្រប់គ្រង និងមិនបានរាយការណ៍ និងហាមមិនឱ្យបង្កើតការឧបត្ថម្ភធនថ្មីៗ ដោយទទួលស្គាល់ថាប្រព្រឹត្តកម្មពិសេស និងដោយអនុគ្រោះសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច គួរតែជាផ្នែកសំខាន់មួយ នៃការចរចាឧបត្ថម្ភធនជលផល របស់អង្គការពាណិជ្ជកម្មពិភពលោក»៕
រក្សាសិទ្ធិដោយ៖CEN

×