Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បង្ហាញពីទទួលខុសត្រូវ និងការវាយតម្លៃត្រឹមត្រូវ​ ឆ្លើយតបនឹងវិបត្តិកូវីដ១៩

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងផេកហ្វេសប៊ុកនាថ្ងៃសុក្រនេះថា ផែនការរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ បានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវ និងការវាយតម្លៃ បានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងគាំទ្រ ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនអំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩។ លោកបានលើកឡើងថា ការដាក់ចេញផែនការនេះ គឺបង្ហាញឱ្យឃើញពីសមត្ថភាព ការទទួលខុសត្រូវ និងការវាយតម្លៃបានត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩។

លោក ហ៊ុន ម៉ានី បានគូសរំលេចដូច្នេះ យុទ្ធសាស្រ្ត និងវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ចំពោះស្ថានភាពរបស់កម្ពុជា លើគ្រប់ទិដ្ឋភាព មិនថាតែលើទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។

លោក ហ៊ុន ម៉ានី បានបន្ថែមថា ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននេះ មិនត្រឹមតែអាចចលនាឱ្យចរន្តសង្គម និងសេដ្ឋកិច្ចមានការរស់រវ៉ើកឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែជាការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខមាលភាពរបស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី សម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក៏នឹងអាចបង្ករលទ្ធភាពឲ្យមានការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពផងដែរ។

លោកបន្តថា យន្តការនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា បានទទួលនូវការកោតសរសើរជាបន្តបន្ទាប់ ទាំងប្រសិទ្ធភាពនៃយន្តការ និងល្បឿននៃការចាក់។ ជាងនេះទៅទៀត ការទទួលបាននូវវ៉ាក់សាំងក្នុងល្បឿនមួយយ៉ាងលឿន តាមរយៈទាំងយន្តការពហុភាគី និងទ្វេភាគី បានស្តែងឱ្យឃើញពីសមិទ្ធផលដ៏ធំធេងកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយទេពកោសល្យ និងគុណធម៌លើឆាកអន្តរជាតិរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងសារពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្មេង និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ មានចំនួនសរុបប្រមាណ ២លាននាក់ ហើយរាជរដ្ឋាភិបាលនឹងរកវ៉ាក់សាំងបន្ថែម ៤លានដូស ដើម្បីចាក់ជូនពួកគេ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្កើតភាពសុាំក្នុងសង្គម ឈានទៅបើកដំណើរការសង្គមបានកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×