ភ្នំពេញ ÷ បុរសជនជាតិម្នាក់ បានសម្រេចចិត្តលោតទម្លាក់ពីអគារស្កាយឡាញ ជាន់ទី២៩ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅអគារស្កាយឡាញ ម្តុំផ្សារសេរីភាព ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពបុរសជនជាតិចិនខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ សពជនរងគ្រោះស្លៀកខោខ្លី ពណ៌ស ដេកផ្កាប់មុខ និងមានរបួសបែកក្បាល និងដាច់រយះភ្លៅ។
ចំពោះករណីស្លាប់បុរសខាងលើនេះ ត្រូវបានម្ចាស់ខុនដូ និងសមត្ថកិច្ចខណ្ឌ៧មករា បានព្យាយាមលាក់បាំងព័ត៌មាន ស្ងាត់ឈឹងតែម្តង ដោយបែកធ្លាយចេញពីប្រភព បងប្អូនអ្នកលក់ដូរនៅទីនោះ គាត់បានថតបង្ហោះ ទើបផ្អើលដល់អ្នកសារព័ត៌មាន នាំគ្នាចុះទៅផ្តិតរូបភាព តែយឺតពេលបន្តិចទៅហើយ ភ្លាមៗនោះសមត្ថកិច្ច បានដឹកសាកសពចេញពីកន្លែងកើតហេតុ ដើម្បីបំបាំងភ្នែកក្រុមអ្នកសារព័ត៌មានជាច្រើននាក់ ចុះទៅឡាយនៅកន្លែងកើតហេតុ បានត្រឹមតែថត និងឡាយទីតាំងកន្លែងកើតហេតុតែប៉ុណ្ណោះ។

សពបុរសជនជាតិចិនខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ប្រគល់ជូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ÷សួង សាម