ដែនជម្រកសត្វព្រៃ ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាំក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅរសឪលថ្ងៃទី១៦ ខែកក្កដានេះថា ហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើនត្រូវបានក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃ នៅកម្ពុជានាពេលថ្មីៗនេះ។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រា នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

លោកបន្តថា ប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថា មានការថយចុះជាង ៨០% ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថា មានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថា ចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះ ស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយ ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តទៀតថា យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីង នៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។ មិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជា នៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាម តំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាន នៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូង ខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើន ដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើន ដែលជាផ្នែកមួយនៃការរក្សា បានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រក ប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួន ដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីជាតំបន់ ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីង តែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។

ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមាន ការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃជាង ១០០០ដើមត្រូវបានរឹបអូសក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។

ក្រសួងបរិស្ថានក្នុងនាមសេនាធិការ របស់រាជរដ្ឋាភិបាល នឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការ ពារនិងគ្រប់គ្រងអភិរក្សជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃ ដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះជាពិសេសសត្វកម្រ ដែលជិតផុតពូជនៅលើពិភពលោកបន្តរស់នៅនិង បន្តពូជបន្សល់ទុកជាសម្បត្តិធម្មជាតិ សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននិង បន្តសហការជាមួយអង្គការដៃគូនានា ដែលបានសហការក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។

លោកនេត ភត្ត្រា បានលើកឡើងថា ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃ ជាពិសេសសត្វព្រៃកម្រៗ នៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ក្រសួងបរិស្ថានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃ ផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វ ដោយមិនលើកលែងឡើយ។ ក្រសួងបរិស្ថានស្នើសុំប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថាទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយ ស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរចូលព្រៃ កាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួន កំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ