ភ្នំពេញ ៖ នេះជារឿងមួយពិតជាហួសចិត្តខ្លាំងណាស់ ខណៈបានដឹងថា វត្តមួយនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងក្លាយជាទីកន្លែងប្រកបអាជីវកម្មដ៏មិនធម្មតា ទៅលើបុណ្យសព ដែលសពមនុស្សម្នាក់សុីថ្លៃរហូតដល់ ៧០០ ដុល្លារ និងថែមទាំងរបស់តម្រូវការផ្សេងៗទៀត ដែលក្រុមតាជីយាជីរស់នៅដុះស្លែនៅទីនោះ បង្គាប់ឲ្យក្រុមគ្រួសារសពត្រូវទិញ ក៏ថ្លៃកប់ពពកទៀតផង។

នេះបើតាមឯកឧត្តម អុឹម បុរិន្ទ ដែលជាគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ដែលបានជួបរឿងដ៏មហាហួសចិត្តនេះផ្ទាល់ បានទម្លាយចេញតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយលោកបានរៀបរាប់លម្អិតឡើងខ្ទេចគ្មានសល់យ៉ាងដូច្នេះថា៖ អារាមកំពុងធ្វើអាជីវកម្មលើមរណទុក្ខ ក្រុមគ្រសារដែលមានទុក្ខធ្ងន់ ដោយមានសាច់ញាតិទទួលមរណភាព ក្រុមគ្រួសារសាច់ញាតិបង្កើតឳពុកម្ដាយ បងប្អូនបង្កើតៗដែលរស់នៅជាទូទៅភាគច្រើន ច្រើនបាត់បង់ម្ចាស់ការពួកគាត់ មានកង្វល់ជាខ្លាំងទុក្ខព្រួយខ្លាំង គិតរឿងអ្វីមិនចេញនោះឡើយ។
យល់ស្ថានការណ៍ដូចនេះ ក្រុមឱកាសនិយមក្រុមអាចារ្យយោគីដូនជីតាជី ដែលរស់នៅដុះស្លែក្នុងទីប៉ាឆា ស្គាល់ស្ថានការណ៍ចំពោះអ្នករងទុក្ខ ដូច្នេះឆ្លៀតឱកាសធ្វើអាជីវកម្មលើសាកសព លើក្រុមគ្រួសារដែលជនរងគ្រោះជួបនឹងមរណៈទុក្ខ។

ជាក់ស្ដែង នៅថ្ងៃទី១៧-១៨ខែ មិថុនា ឆ្នាំ២០២១ រូបខ្ញុំបានជួបផ្តាល់ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ ខ្ញុំបានដឹកសពទៅតម្កល់ធ្វើបុណ្យ និងបូជាសពនៅបរិវេណទីប៉ាឆាវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំពីរថយន្តដឹកសពចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរ ចម្ងាយ១២០០ម៉ែត្រ តម្លៃ៨០ដុល្លារ អាមេរិក ស្មេីនឹង(៣២៨.០០០៛០០)
មេរុបូជាសព(មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា កសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប ៧០០ដុល្លារអាមេរិកស្មើនឹង២.៨៧០.០០០៛០០ ក្នុងនោះមានក្ដារមឈូសធ្វើអំពីក្ដារកុងផ្លាកេមួយ សម្រាប់ដាក់សព។
ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើម សម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛០០។ ដោយឡែក រួមមានលោកអាចារ្យយោគីពីរនាក់ និងយាយជី៥ ទៅ៦នាក់ គាត់និយាយថា គាត់រស់នៅទីនេះ រកស៊ីមុខរបរហ្នឹង២០ឆ្នាំមកហើយ។ ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះ ដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខ និងសោគសង្រែងអាណិតកូនផង បងឬប្អូនផង ចេះតែធ្វើតាមគាត់ទាំងអស់ ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក។

នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី១ គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ដុល្លារ ស្មើ៣២៨.០០០៛០០ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ យើងខ្ញុំសង្កេតឃើញថា គ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះ តែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ។ ទី២ ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែនោះ គាត់បានដើរប្រមូលក្រដាសមាសក្រដាសប្រាក់ ដែលយើងបាចនៅពេលហែរសពជុំវិញមេរុនោះ មករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។ សម្រាប់លោកអាចារ្យយោគីយាយជីការ ចំណាយទៅលើពួកគាត់ ត្រូវចំណាយប្រហែល ៣០០ ដុល្លារទៀត។ នៅមានរឿងតូចតាចជាច្រើនទៀត ដែលខ្ញុំមិនចង់និយាយ។
នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់កូនខ្ញុំ មានលោកតាលោកយាយមកពីទីផ្សេងៗ ខ្ញុំបាននិយាយរឿងនេះ ប្រាប់គាត់គាត់បានឆ្លើយតបមកខ្ញុំថា នៅវត្តគាត់បូជាសពមួយថ្លៃ ១៥០០ ដុល្លារ ខ្លះទៀតថា វត្តគាត់ដល់ទៅ ១៨០០ ដុល្លារ ឯណោះ។ អីុចឹង វត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញ គឺបូជាសពមួយៗ មានតម្លៃខ្ពស់ណាស់ស្ទើរគ្រប់វត្តទៅហើយ។ សម្រាប់ជនដែលមានថវិកា គួរសមវាមិនអីទេ តែសម្រាប់ជនក្រីក្រវិញតេីយ៉ាងណាទៅ សូមពិចារណាផង។

សួរថាព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួងធម្មការដឹងរឿងអស់នេះទេ បើមិនដឹងគួរចាត់វិធានការ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារក្សា ជំនឿទំនៀមទម្លាប់សាសនា កុំឱ្យពួកឱកាសនិយមឆ្លៀតឱកាស បំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋ កំពុងរងទុក្ខដោយសារកូវីដ-១៩ ផង។
ទោះយ៉ាងណា រឿងដ៏ហួសចិត្តខាងលើនេះ គឺគ្រាន់តែជាការលើកឡើង របស់ឯកឧត្តម អុឹម បុរិន្ទ ដែលគាត់បានជួបផ្ទាល់ប៉ុណ្ណោះ ហើយយើងក៏មិនដឹងដែរថា សពនៃគ្រួសារសាច់ញាតិទៃទៀត នឹងត្រូវបង់ថ្លៃសេវាធ្វើបុណ្យ និងបូជាសពនៅក្នុងវត្ត ដូចគ្នានេះដែរ ឬក៏ពួកគាត់កាប់តែទៅលើសពអ្នកមាន យ៉ាងណានោះទេ!។ ហេតុនេះ សូមចៅអធិការវត្តសំបួរ មាស ខាងលើ ជួយបកស្រាយបំភ្លឺជុំវិញរឿងនេះផង ថាតើវាជាការពិត ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






