ភ្នំពេញ ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាល បានវិចខ្ចប់សពអ្នកជំងឺកូវីដ-១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសព ទៅបូជានៅទីកន្លែង ដែលបានកំណត់ដូចខាងក្រោម៖
១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រុមគ្រួសារសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១០៥២នាក់។ ហើយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២៧នាក់។ ចំណែកអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មានចំនួនសរុប ៦៥,៥០០នាក់ និងជាសះស្បើយចំនួន ៥៧,០២៧នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ