ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿនទៅខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឱ្យម៉ូតូចូលក្រោមរថយន្ដរេចង្កូតធ្លាក់ចូល ក្នុងប្រឡាយទឹកសំណាងល្អម្ចាស់ម៉ូតូលោតចេញរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះគឿន ហឹន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនក្រឡុកបេតុង ជិតនឹងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា ដំបូងឡើយខ្លួនបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៨មួយគ្រឿង ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម គោលបំណងចេញពីធ្វើការបម្រុងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញមានបុរសម្នាក់រាងស្រវឹងស្រា បានបើករថយន្តបែនដឹកដីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ចង្កូស្តាំ SVR 0752 ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញទៅខាងមុខ រងរបួសស្រាល ចំណែកឯម៉ូតូវិញចូលក្រោមរថយន្តអូសធ្លាក់ចូលក្នុងប្រឡាយទឹក ចំណែកឯតៃកុងរថយន្តវិញ ទៅបង្កជាហឹង្សាជាមួយអ្នកភូមិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីរង់ចាំការដោះស្រាយជាមួយនឹងជនរងគ្រោះ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន តៃកុងរថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ក៏មានតំណាងឱ្យក្រុមហ៊ុន ចុះមកធ្វើការដោះស្រាយ ព្រមសងជាសំណងម៉ូតូថ្មី ទៅលើជនរងគ្រោះបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្ដងទៅ៕ រក្សាសិទ្ធិដោយ៖ សា មេត
