ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា សូមចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល ចំពោះការទទួលបានមកវិញ ពីសហរដ្ឋអាមេរិកនូវបដិមា ព្រះស្កន្ទ សាង់សង់ពីថ្មភក់ ក្នុងអំឡុង ស.វ. ទី១០ ស្ថិតក្នុងប្រាសាទក្រចាប់ ដែលជាប្រាសាទមួយ នៃក្រុមប្រាសាទកោះកេរ ។
ព្រះស្កន្ទ គឺជាបុត្ររបស់ ព្រះសិវៈ ( ព្រះឥសូរ) ! ព្រះស្កន្ទ គង់លើក្ងោក ធ្វើអំពីថ្មភក់នៅ ប្រាសាទក្រចាប់សម័យអង្គរ រចនាបថកោះកេរ ក្នុងសតវត្សរ៍ទី១០ នៃគ្រិស្កសករាជ។ អាម៉េរិក នឹងប្រគល់រូបចម្លាក់ដ៏ល្អឯកនេះមកឲ្យកម្ពុជាវិញ។
ជាមួយនេះ ក៏សូមសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានធ្វើការស្រាវជ្រាវ ចរចារ និងតស៊ូមតិតាមផ្លូវច្បាប់ ដើម្បីទាមទារ យកមកវិញនូវវត្ថុបុរាណដ៏មានតម្លៃផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលបានបាត់បង់ និងចាកចេញឆ្ងាយពីមាតុភូមិដោយសារសង្គ្រាម និងភាពចលាចលក្នុងអតីតកាលឲ្យវិលត្រឡប់មកគង់ប្រថាប់ នៅក្នុងទឹកដីនៃមាតុភូមិកម្ពុជាយើងវិញ។
ទន្ទឹមនេះ គណៈកម្មការក៏សូមអំពាវនាវ ដល់ជនរួមជាតិទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ និងទប់ស្កាត់បទល្មើសជួញដូរ និងបំផ្លិចបំផ្លាញវត្ថុបូរាណគ្រប់រូបភាព ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ជាមួយនេះគណៈកម្មការ នឹងបន្តតាមដានដោយយកចិត្តទុក ដាក់នូវដំណើរការទាមទារវត្ថុបូរាណនានា ដែលត្រូវបានបាត់បង់ ដោយការលួចយកទៅដោយខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជាបន្តទៀត។ គណៈកម្មការទី៧ សង្ឃឹមថាវត្ថុបូរាណទាំងអស់ ដែលជាកេរមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់ដូនតាខ្មែរយើង នឹងធ្វើដំណើរត្រឡប់មកកាន់មាតុភូមិកំណើតវិញ ជាបន្តបន្ទាន់ទៀត ក្នុងពេលខាងមុខ។
ជាថ្មីម្ដងទៀត គណៈកម្មការទី៧ សុំសម្តែងនូវសេចក្ដីថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរសហរដ្ឋអាមេរិក ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ក្រុមអ្នកច្បាប់ដែលបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការ ក្នុងការទាមទារត្រឡប់មកវិញ នៃបដិមាព្រះស្កន្ទ និងជាពិសេស អ្នកកាន់កាប់វត្ថុបូរាណ ដែលយល់ព្រមបោះបង់សិទ្ធិកាន់កាប់ដោយស្ម័គ្រចិត្តផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ