ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន៣០គ្រឿងបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើ រថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿង ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើន ក្នុងសប្តាហ៍នេះ។
ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបី ពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើន របស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿង បរិក្ខារវេជ្ជសាស្រ្ត ដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែន ចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានប្រកាសថាជប៉ុន នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជា តាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធ ផ្នែកសុខាភិបាលនៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយនឹងជម្ងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ