ខេត្តត្បូងឃ្មុំ ៖ គម្រោងអភិវឌ្ឍន៍មូនិធិឃុំ/សង្កាត់ ពិសេសគម្រោងអភិវឌ្ឍន៍ផ្លូវនៅតាមមូលដ្ឋាន ដែលបានដាក់ឱ្យដេញថ្លៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក បម្រើឱ្យផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

បើទោះបីជំងឺកូវីដ-១៩ កំពុងរាតត្បាត និងធ្វើឱ្យប៉ះពាលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងដំណើរការអាជីវ កម្មផ្សេង ៗក៏ដោយ ដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំនៅតែបន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
អាជ្ញា ធរមូលដ្ឋាននៃសាលាស្រុកពញាក្រែក បានបើកដំណើរការដាក់ឱ្យដេញថ្លៃ ស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ឃុំ ក្រែក មានចំនួន ២គម្រោង, ឃុំពពេល មានចំនួន ២គម្រោង និងឃុំវាលម្លូរ មានចំនួន ១គម្រោង។

លោក ស៊ឺង គីរីវ៉ាន់ឌី ប្រធានស្តីទី ទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តាមទិដ្ឋភាព ជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ នាឱកាសនោះគឺ ប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់ និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម ព្រមទទួលយកទាំង ៥គម្រោង។ ក្រោយការដេញថ្លៃ លោកបានប្រាប់ទៅអ្នកម៉ៅការដែលទទួលបានសិទ្ធិទាំងអស់ ត្រូវអនុវត្តឳ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យផ្លូវទាំងនោះបម្រើផលប្រយោជប្រជាពលរដ្ឋបានយូអង្វែង។ ក្រៅពីនេះក៏ត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តវិធាំនការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា បើតាមលោក សុខ មករា អភិបាលរងស្រុកពញាក្រែក បានឱ្យដឹងថា បន្ទាប់ពីទទួលបានគម្រោង ដែលដេញថ្លៃបាន អ្នកទទួលការជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ត្រូវអនុវត្តតាមលក្ខខណ្ឌ និងបទដ្ឋានផ្សេងៗរបស់ប្រធានគណៈកម្មការលទ្ធកម្មឱ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ បើមិនអនុវត្តតាមលក្ខខណ្ឌនោះទេ នឹងត្រូវបញ្ឈប់ឱ្យចូលរួមប្រកួតប្រជែង ដាក់សំណើដេញថ្លៃនៅពេលខាងមុខ ហើយនឹងអាចលុបឈ្មោះចេញតែម្តង៕ រក្សាសិទ្ធិដោយ៖CEN



