ភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កកង់បីម្នាក់ បានរងរបួសស្រាល ខណៈពេលដែលបើករ៉ឺម៉កបីដឹកសាច់ជ្រូក យកទៅលក់ក៏បានត្រូវបានរថយន្តបែនដឹកដី បើកកៀរួចក៏បើកចូលការដ្ឋានបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨នាទីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៣៧១ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសំដីពីបុរសជនរងគ្រោះ ដែលជាអ្នកបើករ៉ឺម៉កកង់បី បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ រូបគេបានបើករ៉ឺម៉កកង់បីមួយគ្រឿង ចេញពីផ្ទះដឹកសាច់ជ្រូក យកទៅលក់នៅផ្សារប៉េសេ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដីធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ 3D-6980 បើកវ៉ាស្ដាំ ក៏បានបទចូលការដ្ឋានរួចក៏កៀរ៉ឺម៉កកង់បី របស់គេ បណ្ដាលឲ្យដួលរងការខូចខាត ផ្នែកខាងមុខ ចំណែករូបគេ ដែលជាអ្នកបើកម៉ូតូ បានរងរបួសប៉ោងក្បាល និងរលាត់ជង្គង់ ហើយពេលនោះអ្នកបើករថយន្ដ មិនបាននៅដោះស្រាយនៅកន្លែងហេតុទេ បានព្យាយាមបើករថយន្ត ចូលទៅការដ្ឋានចាក់ដី រួចគេចខ្លួនបាត់ស្រម៉ោល ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបង្កើត បានចុះដល់កន្លែងកើតហេតុ និងបានរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរណ៍ខាងក្រោម ដើម្បីចុះទៅហៅអ្នកបើកបររថយន្ត ដើម្បីមកដោះស្រាយ ជាមួយនឹងជនរងគ្រោះ បន្ទាប់មកក៏មានបុរសម្នាក់ តំណាងខាងរថយន្តបែនដឹកដី ក៏បានមកចរចាជាមួយជនរងគ្រោះ ក៏បានព្រមសងថ្លៃព្យាបាល និងថ្លៃការខូចខាតម៉ូតូចំនួន ២០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សួង សាម


