ភ្នំពេញ ÷ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទនិងប្រជាពលរដ្ឋ ព័ទ្ធចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដែមួយគ្រឿង បានសម្រេច រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងបំបែកជាបួន សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ស័ង្ក សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទ បានជិះម៉ូតូមួយគ្រឿង នៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងទំពុនទី១ ខណ:ឈប់ម៉ូតូអែបនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើ ជិះម៉ូតូមកក្បែរបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីដៃជនរងគ្រោះ បានសម្រេចរួចក៏ព្យាយាម ជិះម៉ូតូរត់គេចខ្លួន ភ្លាមៗនោះដែរ នារីរងគ្រោះ បានជិះម៉ូតូដេញតាមជនសង្ស័យប្រផិតប្រផើញ លុះដល់ផ្លូវបំបែកជាបួន ជនសង្ស័យបានជិះម៉ូតូទៅបុកអ្នកជិះម៉ូតូ នៅខាងមុខបណ្តាលដួល ទើបម្ចាស់ទូរស័ព្ទ និងប្រជាពលរដ្ឋនៅក្បែនោះ ជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន ដឹកយកមកសាកសួរបន្ត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

