Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នអប់រំឯកជន ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ

ភ្នំពេញ ៖ ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Westline Education Group តំណាងថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំឯកជនមួយចំនួននៅកម្ពុជា បានរួមគ្នាថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយលើកឡើងថា សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ! ក្រោយពេលបានតាមដានស្តាប់នូវសារសំឡេងពិសេសរបស់ សម្តេច នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពី ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់នាពេលខាងមុខនេះ សហព័ន្ធសេវាអប់រំនៅកម្ពុជា ពិតជាមានសេចក្តីរំភើបសោមនស្សក្រៃលែង។

ក្រៅពីការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងត្រេកអររំភើបជំនួសកុមារ-យុវវ័យ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបញ្ជាក់ខ្លឹមសារក្នុងលិខិតថា អរគុណ សន្តិភាព ! អរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកសាងសន្តិភាពជូនកម្ពុជា !។

ក្នុងលិខិតថ្លែងអំណរគុណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបង្ហាញអារម្មណ៍ និងជំនឿចិត្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ ប្រកបដោយបញ្ញាញាណវាងវៃ គំនិតច្នៃប្រឌិត និងគិតទៅដល់ឧត្តមប្រយោជន៍ប្រទេសជាតិ។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ រួចរាល់នាពេលខាងមុខ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា រួមមាន គ្រឹះស្ថានអប់រំឯកជន អង្គការសមាគមអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យាបម្រើសេវាអប់រំមួយចំនួនធំ។

រំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធាន , លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×