ពិតណាស់ ដូចដែលបងប្អូនបានជ្រាបហើយ មកទល់ពេលនេះ ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង គឺនៅមិនទាន់ថមយនៅឡើយនោះទេ ដោយមួយថ្ងៃៗ យើងបានឮសូរតែសឺរ៉ែនរថយន្តសង្គ្រោះបន្ទាន់ សឹងតែ២៤ម៉ោងលើ២៤ម៉ោង ក្នុងការដឹកអ្នកជំងឺ យកទៅសម្រាកព្យាបាល នៅតាមមណ្ឌលទទួលព្យាបាលជំងឺកូវីដ-១៩ នីមួយៗ។ ហើយមួយរយៈពេលចុងក្រោយនេះ ការឆ្លង និងស្លាប់ ក៏មានការកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំងផងដែរ។
ដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងនូវក្តីរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកមិនដឹងខ្លួន បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះថា ខន សុមេត បានបង្ហោះរូបភាពដ៏សែនស្រណោះប៉ុន្មានសន្លឹក បង្ហាញលោកយាយ និងលោកតា ជាប្តីប្រពន្ធមួយគូ បានកើតជំងឺកូវីដ-១៩ ខណៈលោកយាយបានកំពុងស្ថិតក្នុងស្ថានភាពសុខភាពយ៉ាប់ខ្លាំង។
តែទោះយ៉ាងណា តាមរយៈរូបភាពឃើញថា លោកតាជាប្តីដែលនៅមានកម្លាំងមាំទាំ គឺគាត់បានមើលថែ បញ្ចុកបាយទឹកដល់ប្រពន្ធយ៉ាងជាប់លាប់ដោយមិនហ៊ានឃ្លាតឆ្ងាយនោះឡើយ។ ហើយអ្វីដែលគួរឲ្យខ្លោចចិត្តទៀតនោះ គឺលោកតាថែមទាំងបានលើកទឹកចិត្តប្រពន្ធ ឲ្យតស៊ូកុំចុះចាញ់ ព្រោះមានប្តីនៅមើលថែហើយ។
ក្នុងនោះ ម្ចាស់គណនីខាងលើ បានភ្ជាប់សាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖ «តាគាត់ប្រាប់យាយថា យាយកុំទៅណាយាយណា! យាយតស៊ូណាយាយ! ខ្ញុំនៅមើលយាយឯង! គាត់មកពី ក្តុលដូនទាវ គាត់មកតែ២នាក់តាយាយទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង