ភ្នំពេញ ៖ ជាការជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្ត ជាប្រទេសជិតខាង តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះការឆ្លងរាលដាលនៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ។

គួររំលឹកថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ខ្ទង់ពាន់នាក់ជារៀងរាល់ថ្ងៃ, ហើយបើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN






