មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានម៉ាស៊ីន ផលិតខ្យល់អុកស៊ីហ្សែន ដែលមានសមត្ថភាពផលិត ក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប

ខេត្តព្រះសីហនុ ៖ ដើម្បីតម្រូវការខ្យល់អុកស៊ីហ្សែន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការជួយសង្គ្រោះ ដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែល មានស្ថានភាពធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ ដែលត្រូវការខ្យល់អុកស៊ីហ្សែន ជាចាំបាច់។

នៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត រួមជាមួយនឹងថ្នាក់ដឹកនាំ បានចុះពិនិត្យមើលទីតាំង ដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប ស្មើនឹង៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ កំពុងសម្រាកព្យាបាលជា នៅក្នុងមន្ទីរពេទ្យ ពិសេសដល់ប្រជាពលរដ្ឋ ដែលបានឆ្លងជំងឺកូវីដ១៩ ស្ថានភាពធ្ងន់ធ្ងរ ព្រោះពួកគាត់ត្រូវការអុកស៊ីហ្សែនជាចាំបាច់។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យ ក្រុមគ្រូពេទ្យ ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត យកចិត្តទុកដាក់ ថែរក្សាសម្ភារៈថ្មីនេះឲ្យបានល្អ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជាពិសេសក្នុងការព្យាបាល ផ្គត់ផ្គង់ទៅដល់អ្នកជំងឺ ដែលត្រូវការខ្យល់អុកស៊ីហ្សែន និងបន្តខិតខំបន្ថែម ក្នុងការព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យ ការខិតខំរបស់ក្រុមគ្រូពេទ្យ ទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ឲ្យទទួលបានជោគជ័យ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ