ភ្នំពេញ ÷ ជនសង្ស័យម្នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបានវាយខ្នោះ ចំណែកឯបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួនរួច បន្ទាប់ពីធ្វើសកម្មភាពចូលទៅលួចម៉ូតូ នៅផ្ទះប្រជាពលរដ្ឋបានសម្រេច រួចបម្រុងជិះរត់គេច។

ហេតុការណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ចំណុចឃាត់បានជាប់ស្តានីយ៍បូមទឹក ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះប្រាក់រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយពួកគាត់ បាននាំគ្នាដើរល្បាត នៅតាមភូមិសាស្រ្តនានា ស្រាប់តែបានឃើញជនសង្ស័យ ជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ មួយគ្រឿងម៉ាកធូដេ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1-DE 9284 និងមួយគ្រឿងទៀត ម៉ាកហ៊្វីណូ មិនចាំផ្លាកលេខ បានជិះឌុបគ្នា និងអូសម៉ូតូម៉ាក klick ពណ៌សពាក់ផ្លាកលេខភ្នំពេញ1-FB 8746 ដែលលួចបានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ដោយសមត្ថកិច្ចខណ្ឌចំការមន ឃើញសង្ស័យក៏ជិះទៅសាកសួរ ស្រាប់តែជនសង្ស័យឃើញសមត្ថកិច្ចបានជិះម៉ូតូរត់គេចខ្លួន បន្ទាប់មកសមត្ថកិច្ចបានជិះប្រដេញពីក្រោយ រហូតដល់ចំណុចស្តានីយ៍បូមទឹក ផ្លូវ២៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ដេញឃាត់បានជនសង្ស័យម្នាក់ ចំណែកបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានចូលទៅលួចម៉ូតូម៉ាកklick ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 1-FB 8746 ចេញពីម្តុំព្រៃស្ពឺ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពិតប្រាកដមែន។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ រួចបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីធ្វើការសួរ និងស្រាវជ្រាវរកបក្ខពួកជនសង្ស័យបន្ត ដើម្បីឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកឯម៉ូតូសមត្ថកិច្ចបានរក្សាទុករង់ចាំការទំនាក់ទំនង រកម្ចាស់មកទទួលវិញ៕ រក្សាសិទ្ធិដោយ៖សា មេត






