Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការទី៧ ៖ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ធានាបាននូវការបន្ថយក្តីបារម្ភ របស់អាណាព្យាបាលសិស្ស និងការឈានទៅដំណើរការ សាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សូមសម្តែងនូវសេចក្តីត្រេកអរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្រេចផល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ មានអាយុចន្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់ នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយនេះគណៈកម្មការទី៧ ក៏សូមគាំទ្រចំពោះការដាក់ចេញជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលនូវយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបនានា នាពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដឹកនាំ វាយតម្លៃយ៉ាងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពរបស់កម្ពុជាលើគ្រប់ទិដ្ឋភាព មិនថាលើវិស័យសុខភាពសាធារណៈ អប់រំ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។

គណៈកម្មការទី៧ យល់ឃើញថាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ គឺជាវិធានការមួយបន្ថែមទៀត ដែលនឹងចូលរួមលើកកម្ពស់សុខភាព និងការបង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យនៅក្នុងសហគមន៍ ដោយធានាបាននូវការបន្ថយក្តីបារម្ភ របស់អាណាព្យាបាលសិស្សផង និងការឈានទៅដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាពស្របតាម គោលនយោបាយជាតិស្តីពីសុខភាពសិក្សាផង។ ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពី សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងសង្គម វិលទៅរកភាពប្រក្រតីឡើងវិញ ស្របទៅតាមបរិបទថ្មី ដោយកុមារ និងយុវជនកម្ពុជាបន្តទទួលបានការអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព មានសុខភាពល្អទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះ ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនលទ្ធភាពកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ ក្រោយពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×