ភ្នំពេញ ៖ ចាប់បានហើយ ប្រធានក្រុមហ៊ុន ប៊ីស្សនេស អ៊ិនឌីភែនដិនថ៍ ឌីស្ទ្រីប្យូទ័រ ឯ.ក (B.I.D) រួមទាំងបក្ខពួកបីនាក់ទៀត ដែលបានបោកប្រាស់លក់ដីខ្យល់ ឲ្យប្រជាពលរដ្ឋយកលុយអស់ជាង ៩ម៉ឺនដុល្លាររួចរត់គេចខ្លួន។ ដីលក់ពុះឡូត៍ ដែលពួកគេបោកប្រាស់លក់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លើផ្ទៃដីពុះឡូត៍ប្រហែល ៥ហិកតា។

ការចាប់ខ្លួនមេក្លោង និងបក្ខពួកលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋបានធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង។ ចាប់ខ្លួននេះ គឺបន្ទាប់ពីមានប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងប្តឹងទៅសមត្ថកិច្ចខេត្តកោះកុង រឿងក្រុមហ៊ុន B.I.D លក់ដីពុះឡូត៍នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប៉ុន្តែបែរជាក្រុមហ៊ុនគ្មាន ដីឲ្យប្រជាពលរដ្ឋទៅវិញ។
ប្រធានក្រុមហ៊ុន B.I.D និងបក្ខពួកដែលសមត្ថកិច្ចខេត្តកោះកុងចាប់ខ្លួនមានដូចជាៈ ១. ឈ្មោះ បាន បញ្ញា អគ្គនាយកក្រុមហ៊ុន B.I.D ២. ឈ្មោះ ភន ទីគា អគ្គនាយករងក្រុមហ៊ុន B.I.D ៣. ឈ្មោះ លី ប៊ុនរដ្ឋថី និងទី៤. ឈ្មោះ ជិន ឆៃយ៉ា ។ ពួកគេទាំង ៤នាក់ ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចអូរស្រីស្រណោះ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមមាត្រា៣៧៧ និង មាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចបានឲ្យដឹងថា សំណុំរឿងនេះ មានដើមបណ្តឹងចំនួន ១៤នាក់ ចាញ់បោកអស់លុយចំនួន ៩៤២៦៧ដុល្លារ។ ដើមបណ្តឹងមានដូចជាៈ ១. ហេង ភារក្ស ២. លី ស្រីទូច ៣. អ៊ួន ស្រីនាថ ៤. ខែត្រ កុសល ៥. កាន សម្បូរ ៦. ញូត គន្ធា ៧. មាស អេឡែត ៨. មាស អេដែន ៩. មាស អេឡែន ១០. ឈួន ភាព ១១. អៀម ប៉ុណ្ណារ៉េត ១២. ម៉ក់ ទាវ ១៣. ប៉ែន វ័យ និងទី១៤. យ៉ន ចន្ថា។

យោងតាមរបាយការណ៍បានបង្ហាញថា កាលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ប៊ី អាយ ឌី បានបើកលក់ដីពុះឡូត៍ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លើផ្ទៃដីពុះឡូត៍ប្រហែល ៥ហិកតា ដោយមានស្នាក់ការលក់មួយកន្លែង ហើយក៏មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅទិញដីពុះឡូត៍នេះ ជាបន្តបន្ទាប់ ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានការប្រគល់ប្រាក់មានថតរូបទុកជាភស្តុតាង នៅស្នាក់ការលក់របស់ក្រុមហ៊ុន ស្ថិតនៅទីរួមខេត្តកោះកុង។ ការទិញលក់នេះ មានប្រជាពលរដ្ឋខ្លះបានបង់ប្រាក់ផ្តាច់ ខ្លះបង់តាមដំណាក់កាល និងខ្លះបង់រំលស់។ ស្រាប់តែនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ មានប្រជាពលរដ្ឋជាច្រើននាក់ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលខេត្តកោះកុង ដោយចោទប្រកាន់ថា ក្រុមហ៊ុនគ្មានដីប្រគល់ជូនពួកខ្លួនពិតប្រាកដនោះទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

