ភ្នំពេញ ÷ យុវជន២នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តម៉ាកព្រូស បើកទៅបុកចំពីមុខពេញទំហឹង បណ្តាឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣ ចំណុចជិតនឹងហ្រ្គែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បច្ចុប្បន្ន យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ភិនភាគ អាយុ ២០ឆ្នាំជាង ។

យោងប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1AF 2197 ឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្ត ម៉ាកព្រូសមួយគ្រឿងទៀត ពណ៌កណ្តុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 1AQ 5612 បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូម៉ាកនិច ចំពីមុខពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ ប៉ើងទៅមុខជាច្រើន ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបន្តល្បឿនទៅមុខ ធ្លាក់ចូលទៅក្នុងដីឡូត៍ រងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌឬស្សីកែវ បានចុះមកដល់រួច ក៏បានទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត




