Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនិស្សិតសាលាតិចណូ បញ្ចប់ការសិក្សា ថាមពលនុយក្លេអ៊ែរស៊ីវិល នៅសហព័ន្ធរុស្ស៊ី មានសារៈសំខាន់សម្រាប់…

ភ្នំពេញ ៖ បើតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ថា និស្សិតកម្ពុជា២រូប បានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ , ហើយបច្ចុប្បន្នក្រោមការសម្របសម្រួលរបស់ ក្រសួងបរិស្ថាន និស្សិត ៦រូបផ្សេងទៀតបាននិងកំពុងបន្តការសិក្សាលើជំនាញនេះផងដែរ។

និស្សិតបញ្ចប់ការសិក្សា ថាមពលនុយក្លេអ៊ែរ ទាំង២រូបនេះ គឺជាអតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានឈ្មោះ លោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទកភាពថា កម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន, ហើយដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជា ពិសេសជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលនេះ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន រូបនេះ បានថ្លែងឲ្យដឹងថា ការសិក្សាស្រាវជ្រាវ ការអនុវត្ត និងការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ហេតុដូច្នេះ បានជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ស្តីពី កិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ក្នុងទិសដៅ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យអាទិភាពដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថាន ជាដើម។

ក្នុងទិសដៅ និងកម្មវិធីការងារវិស័យថាមពលនុយក្លេអ៊ែរនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី មានផែនការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនាពេលអនាគត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×