សៀមរាប ៖ ការឧបត្ថម្ភឧបករណ៍ធ្វើតេស្ដរហ័ស( Rapid Test) ដល់មន្ទីរពេទ្យកុមារអង្ករ ជាការឆ្លើយតបនិង ការខ្វះខាតនូវសម្ភារ ឧបករណ៍គ្រូពេទ្យ សម្រាប់រកមេរោគកូវីដ-១៩ ខណ:ដែលមន្ទីរពេទ្យនេះ បានរកឃើញមេរោគកូវីដ-១៩ ទៅលើកុមារចំនួន២នាក់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ឧបករណ៍ធ្វើតេស្ដរហ័ស( Rapid Test) ចំនួន ៣ពាន់គ្រឿង ដើម្បីបំពេញសេចក្តីត្រូវការរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប ក្នុងការស្វែងរកអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ សម្រាប់អ្នកជំងឺ ដែលមកព្យាបាលនៅមន្ទីរពេទ្យនេះ។ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បាននាំចូលឧបករណ៍ តេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុង ១គ្រឿង។
ក្រសួងបាន បង្ហាញលក្ខខណ្ឌ និងរបៀបបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលអំណោយផលសម្រាប់តែស្ថាប័នរដ្ឋ និងក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន ចំណែកសាធារណជនមិនទាន់អាចទិញបានទេ ចំណែកឧបករណ៍តេស្តរហ័សនោះនឹងដាក់លក់ក្នុងតម្លៃដើមដោយមិនអនុញ្ញាតឲ្យមានការលក់បន្តឡើយ។

លោក ងួន ច័ន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ឧបករណ៍តេស្ដរហ័ស ចំនួន៣ពាន់នេះ គឺអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរ មានលទ្ធភាពធ្វើតេស្ដរកមេរោគកូវីដ-១៩ បានភ្លាមៗ និងប្រើប្រាស់ទាន់ពេលវេលា ទៅលើកុមារមកទទួលសេវាព្យាបាលជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងរយ:ពេលប្រហែលជា៧ខែ។
ជាមួយគ្នានេះមន្ទីរពេទ្យក៏ត្រូវការនូវឯកសណ្ឋានពាក់ការពារជំងឺកូវីដ-១៩ ក្នុងពេលបំពេញការងារពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ផងដែរ ខណ:ដែលមន្ទីរពេទ្យនេះ បានបង្កើតសាលសម្រាប់អ្នកជំងឺកូវីដ-១៩ ដាក់ដាច់ដោយឡែក ដែលអាចចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ។

លោក បញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះ ជាយុទ្ធសាស្រ្តមួយដ៏ល្អ និងមានសារៈសំខាន់បំផុត ដើម្បីជួយដល់កុមារ និងក្រុមគ្រួសាររបស់ពួកគាត់ ក្នុងការរកមេរោគកូវីដ-១៩ និយាយរួមវាជួយឱ្យក្រុមការងារប្រតិបត្តិកិច្ចការបានលឿនទាន់ពេលវេលា ហើយវាមិនបែកធ្លាយឆ្លងទៅសហគមន៍ បន្តទៅទៀត។
គួរបញ្ជាក់ថា បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការផ្ដល់ឧបករណ៍តេស្ដរហ័សនេះ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាពអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ៕ រក្សាសិទ្ធិដោយ៖ CEN
