Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ប្រឈមនឹងក្ស័យធន

spot_img

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យឡូជីស្ទីក បានអះអាងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនដឹកជញ្ជូនប្រមាណតែ១០% ប៉ុណ្ណោះ កំពុងដំណើរការ ខណៈក្រុមហ៊ុនមួយចំនួនទៀត កំពុងប្រឈមហានិភ័យ ដែលមានប្រមាណ៩០% អាចនឹងក្ស័យធន ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ នៅបន្តអូសបន្លាយយូរតទៅទៀត។

ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន និងកំពុងបង្កហានិភ័យ ដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីកកាន់តែខ្លាំង។ បើតាមប្រធានសមា គមភស្តុភារកម្មកម្ពុជា វិបត្តិជំងឺកូវីដ-១៩នេះ បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ត្រូវបានផ្អាកដំណើរការ និងមួយចំនួនទៀតប្រឹងប្រែងទាំងលំបាកលំប៉ិន។ អ្នកជំនាញ បានវាយតម្លៃថា ក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនប្រមាណ ៩០% អាចប្រឈមនឹងក្ស័យធន ឬផ្អាកដំណើរការ បើកូវីដ១៩ នៅបន្តអូសបន្លាយយូរទៀត។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា បើទោះបីជាការឆ្លងរាលដាលជំងឺកូវីដ-១៩ កំពុងគំរាមកំហែង វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាក៏ដោយ ក៏ឃើញថា វិស័យដឹកជញ្ជូននេះ ក្នុងឆមាសទី១ឆ្នាំ២០២១ មានភាពល្អប្រសើរជាង បើធៀបនឹងឆមាសទី១នៅឆ្នាំ២០២០។ ភាពល្អប្រសើរនេះ ដោយសារក្រុមហ៊ុនដឹកជញ្ជូនបានឆ្លងកាត់បទពិសោធន៍កាលពីឆ្នាំ២០២០ ពាក់ព័ន្ធការរាតត្បាតនៃជំងឺកូវីដ-១៩រួចទៅហើយ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យស្រាវជ្រាវដោយសមាគមភស្តុភារកម្មកម្ពុជា មានក្រុមហ៊ុនដឹកជញ្ជូនប្រមាណ១០% ឬតិចជាងនេះ កំពុងធ្វើប្រតិបត្តិការ និងអាចរកប្រាក់ចំណូលក្នុងការទ្រទ្រង់ដំណើរការអាជីវកមក្មរបស់ខ្លួន ចំណែកឯ ៣០%ទៀត បានផ្អាកដំណើរការ ខណៈ៦០% កំពុងដំណើរការយ៉ាងលំបាក និងអាចប្រឈមបិទ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×