Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ទ្រូម៉ាន់នី ពង្រីកសេវាទូទាត់អគ្គិសនីដោយមិនគិតថ្លៃសេវាដល់ ៧ខេត្ត/រាជធានី

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកការផ្តល់ជូនសេវាបង់ថ្លៃអគ្គិសនីដោយមិនគិតថ្លៃសេវារបស់ខ្លួនរហូតដល់ ៧ខេត្ត/រាជធានី ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអគ្គិសនី។

អ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងខេត្តកំពង់ស្ពឺ កំពត បាត់ដំបង សៀមរាប បន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចធ្វើការទូទាត់ថ្លៃអគ្គិសនីជូនអគ្គិសនីកម្ពុជា (EDC) ដោយមិនគិតថ្លៃសេវាគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។
ការផ្តល់ជូនសេវាទូទាត់ថ្លៃអគ្គិសនី “ដោយមិនគិតថ្លៃសេវា” នេះ មានសុពលភាពសម្រាប់អ្នកដែលទូទាត់ថ្លៃអគ្គិសនីជូន EDC តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តែប៉ុណ្ណោះ។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ដោយសារការរាតត្បាតជំងឺកូវីដ-១៩ អ្នកខ្លះបានជួបបញ្ហាប្រឈមក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការផ្តល់ជូនសេវាបែបនេះ យើងសង្ឃឹមថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនយើងមានភាពកាន់តែងាយស្រួលខ្លាំង និងចំណាយកាន់តែតិចផងដែរដោយសារការលើកលែងថ្លៃសេវាលើការទូទាត់ថ្លៃអគ្គិសនី”។

អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានទទួលបានការលើកលែងថ្លៃសេវានេះរួចហើយសម្រាប់ការទូទាត់ថ្លៃអគ្គិសនីជូន EDC កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ បានដាក់បញ្ចូលខេត្តចំនួន៥ បន្ថែមទៀតទៅក្នុងការផ្តល់ជូនការលើកលែងសេវាថ្លៃទូទាត់អគ្គិសនីនេះ។

លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាផ្នែកដ៏សំខាន់មួយរួចហើយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ តាមរយៈការផ្តល់ជូនការទូទាត់នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងពង្រីកសេវារបស់ខ្លួនដល់អតិថិជនកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេសកម្ពុជា”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

spot_img
×