ភ្នំពេញ ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់វាយខ្នោះបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃម៉ាក Iphone xs max មួយគ្រឿងពីបុរសម្នាក់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង១៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផូវ២៦៥កែងនឹងផ្លូវ២១៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ លី ម៉េង ហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ត្រឡប់ទៅធ្វើការ លុះដល់ចំណុចផ្លូវបំបែកជាបួន ក្បែរកន្លែងកើតហេតុ រូបគាត់បានឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើ បានជិះម៉ូតមួយគ្រឿង ម៉ាកnex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1-IU 5442 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីដៃរបស់គាត់ ពេលនោះជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថាចោរៗ ស្របពេលនោះកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតពួនស្ទាក់នៅទីនោះ បានចេញអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗតែម្តង ហើយក៏បានដឹកជនសង្ស័យ យកទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ។
នៅចំពោះមុខសមត្ថកិច្ចរូបគេ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង ពីជនរងគ្រោះពិតប្រាកដមែន ហើយកន្លងទៅរូបគេ ធ្លាប់ចេញធ្វើសកម្មភាពឆក់ តាមដងផ្លូវជាញឹកញាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖សួង សាម











