Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការព្រឹទ្ធសភា​ ៖ សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩នេះ សកម្មភាពសហប្រតិបត្តិការទេ្វភាគី រវាងព្រឹទ្ធសភា និងសភាប្រឹក្សានយោបាយប្រជាជនចិន បានកាត់បន្ថយខ្លះៗ ។ ប៉ុន្តែចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អនៅតែបន្តពង្រឹង និងពង្រីកឥតឈប់ឈរ ។ យើងខ្ញុំមានជំនឿជឿជាក់ថា នាដំណាក់កាលក្រោយកូវីដ-១៩ ទំនាក់ទំនងនេះ នឹងកាន់តែសកម្ម និងពង្រឹងពង្រីកឡើងថែមទៀត ហើយសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ចិន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

មានមតិបូកសរុប និងបិទកម្មវិធីនាឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ឯកឧត្តមក៏បានរំលឹកអំពីទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើង ដោយសម្ដេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងថា ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។ ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសធំជាងគេ ដែលបានផ្តល់់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា ។ ជំនួយ និងការគាំទ្ររបស់ប្រទេសចិនដល់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយឱ្យកម្ពុជាថែរក្សាបាន នូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើន ជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសធំជាងគេទី១ ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីព្រឹទ្ធសភាកម្ពុជា ត្រូវបានបង្កើតឡើង នៅខែមីនា ឆ្នាំ១៩៩៩ មានជាអាទិ៍៖ អគារខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា អគារការិយាល័យសមាជិកព្រឹទ្ធសភា បណ្ណាល័យ សម្ភារ បរិក្ខារការិយាល័យ មធ្យោបាយដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស និងការជុសជុលកែលម្អហេដ្ឋារចនា សម្ព័ន្ធមូលដ្ឋាន។ ជំនួយដ៏ថ្លៃថ្លារបស់ប្រទេស និងប្រជាជនចិនជូនព្រឹទ្ធសភា ពិតជាបានលើកកម្ពស់កិត្យានុភាព និងកិត្តិយសរបស់ព្រឹទ្ធសភាក្នុងនាមជាអង្គការនីតិប្បញ្ញត្តិរបស់ជាតិ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសូមសម្តែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយខាងលើនេះ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបាននិងកំពុងប្រើប្រាស់ជំនួយទាំងនេះប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការថែទាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ចំពោះកិច្ចសហប្រតិបត្តិការសភា ក្នុងក្របខ័ណ្ឌទេ្វភាគី អង្គនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តែងបន្តពូនជ្រុំ និងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនេះ ក្នុងក្របខ័ណ្ឌពហុភាគី សភានៃប្រទេសទាំងពីរ តែងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានជំនឿយ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន នៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តជួយព្រឹទ្ធសភាកម្ពុជា ក្នុងនីតិកាលទី៥ ខាងមុខទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស ការកសាងសាលប្រជុំព្រឹទ្ធសភាថ្មី ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើប និងការកសាងបណ្ណាល័យព្រឹទ្ធសភាជាបណ្ណាល័យ Digital ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានជំនឿជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែសកម្ម និងពង្រឹងពង្រីកឡើងថែមទៀត ក្រោយពេលបញ្ចប់កូវីដ-១៩។

សូមជម្រាបថា កិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិននេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានវាគ្មិនចូលរួមចំនួន០៥រូប រួមមាន៖ ១-មតិស្វាគមន៍របស់ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ២-បទអន្តរាគមន៍របស់តំណាងស្ថានទូតចិនប្រចាំកម្ពុជា ៣-បទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីពីការរួមចំណែកថែរក្សាមិត្តភាពកម្ពុជា-ចិនឱ្យឋិតថេរចីរកាល ៤-បទបង្ហាញរបស់ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីសមិទ្ធផល នៃទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា និង៥-បទបង្ហាញរបស់លោក ZHANG YaOWu ប្រធានមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ស្តីពីការចូលរួមចំណែករបស់សង្គមស៊ីវិលចិន ក្នុងការអភិវឌ្ឍសង្គមកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×