ភ្នំពេញ ៖ ពិធីករលោក សុខ រ៉ាសុី បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ីន សុភិន ទាមទារសំណងប្រមាណជាង ៣ មុឺនដុល្លារអាមេរិក។
ការប្តឹងទាមទារសំណងនេះ បានធ្វើឡើង បន្ទាប់ពីលោក សុខ រ៉ាសុី បានចោទប្រកាន់លោក អ៊ីន សុភិន បានគេចវេស មិនព្រមចូលខ្លួនដោះស្រាយបំណុល ដែលបានជំពាក់លោក ប្រមាណជាមួយឆ្នាំមកហើយ។
លោក សុខ រ៉ាសុី បានសម្តែងក្តីអស់ត្បិត លោក អុិនសុភិន នៅតែក្រាញននាល មិនព្រមចេញមុខដោះស្រាយបំណុល ដែលជំពាក់លោក ជាបន្តបន្ទាប់។

លោក សុខ រ៉ាសុី លើកឡើងថា មេធាវីរបស់លោក បានរៀបចំឯកសារដាក់ទៅតុលាការហើយ ដើម្បីដំណើរក្តីប្តឹងលោក អុិន សុភិន។
លោកបញ្ជាក់ថា លោកបានសម្រេចប្តឹងលោក អុិន សុភិន ដោយទាមទារសំណង ដែលបានជំពាក់ចំនួន១មុឺន៥ពាន់៧រយដុល្លារ និងលុយសងជំងឺចិត្តចំនួន២មុឺនដុល្លារថែមទៀត។
លោកថា ការទាមទារលុយសងជំងឹចិត្តនេះ ដោយសារលោក អុិន សុភិន បានធ្វើឲ្យលោកមានការខូចខាតច្រើន ក្នុងការបង្វិលលុយសងគេ។

លោក សុខ រ៉ាសុី បានលើងឡើងបន្ថែមថា កន្លងមកលោក បានព្យាយាមទាក់ទងលោក អុិន សុភិន ជាច្រើនលើកច្រើនសារឲ្យលោកដោះស្រាយលុយដែលជំពាក់នេះ តាមដំណាក់កាល។ ប៉ុន្តែលោក អុិន សុភីន ហាក់មិនអើពើ និងបានប្លុកឆាតលោកចោល ក្នុងន័យគេចវេសមិនដោះស្រាយ។
លោកបញ្ជាក់ថា ដោយសារឃើញបែបនេះ លោកក៏បានសម្រេចចិត្ត ដាក់ពាក្យប្តឹងនេះតែម្តង។
លោក សុខ រ៉ាសុី រំពឹងថា លោកនឹងទទួលបានភាពយុត្តិធម៌ ត្រឹមត្រូវតាមច្បាប់ចំពោះរឿងនេះ។
ដើមហេតុដំបូងនៃរឿងរ៉ាវរវាងលោក សុខ រ៉ាសុី និងលោក អុិន សុភិន នេះបានកើតឡើង បន្ទាប់ពីលោក អុិន សុភិន មិនបានទូទាត់លុយថ្លៃជួលឆាក និងភ្លើងរបស់លោក សុខ រ៉ាសុី សម្រាប់ដំណើរការកម្មវិធី Miss Grand Cambodia ៕
រក្សាសិទ្ធិដោយ៖សំណាង SV








