ភ្នំពេញ ៖ ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជា ១០០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំងខុនដូមួយកន្លែង នៅផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានលួចបើកក្លឹបកម្សាន្តបំពាន និងវិធានសុខាភិបាល។ នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនមួយចំនួនផងដែរ។

ការចុះបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍ប្រាប់ CEN នៅរសៀលថ្ងៃទី១៩ ខែកក្កដា នេះថា កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងខុនដូមួយកន្លែងដែលក្លឹប LOVE (Love club) នឹងបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ចម្រុះជាតិសាសន៍ ហើយកំពុងរង់ចាំខាងក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តរកកូវីដ និងធ្វើតេស្តរកសារធាតុញៀន និងរង់ចាំខាងជំនាញធ្វើការសាកសួរ៕ រក្សាសិទ្ធិដោយៈ ចេស្តា










