ភ្នំពេញ ៖ នៅថ្ងៃទី៦ ទី៧ និងថ្ងៃទី៨ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ FINZociety Cambodia ដែលជាអ្នកជំនាញរៀបចំកម្មវិធីកម្សាន្តលំដាប់អន្តរជាតិ បាននាំមកជូននូវ កម្មវិធី Water Sensation Phnom Penh 2018 ដ៏អស្ចារ្យ ហើយក៏ជាកម្មវិធីប្រគំតន្ត្រីក្រោមដំណក់ទឹកលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នេះបើតាមការលើកឡើងរបស់លោក Thanawat Maneekorn Jongsiri ប្រធានចាត់ការទូទៅកម្មវិធី Water Sensation Phnom Penh 2018 ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរាត្រីថ្ងៃទី២៤ខែមីនានេះ។
លោក Thanawat Maneekorn Jongsiri បានថ្លែងថា កម្មវិធីនេះកាន់តែថ្មី ហើយប្លែក ដោយមានការចូលរួមពីកំពូល ឌីជេ ទាំងក្នុងនិងក្រៅប្រទេស ជុំវិញពិភពលោក រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម បង់ក្លាដែស អង់គ្លេស ហូឡង់ និងកូរ៉េខាងត្បូង ដែលចូលខ្លួនមកអង្រួនកម្មវិធីដ៏អស្ចារ្យមួយនេះ ឲ្យកាន់តែកក្រើកសប្បាយរីករាយ ជាមួយនឹងការលេងបាញ់ទឹកកម្សាន្ត។ លោកក៏បានស្នើសុំយុវជនចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករ ដើម្បីរាំលេងកម្សាន្តសប្បាយតាមចង្វាក់ភ្លឹងញាក់កន្ត្រាក់អារម្មណ៍ក្រោមដំណក់ទឹក និងរីករាយជាំមួយការMix ភ្លឹងរបស់ឌីជេល្បីៗក្នុងរាត្រីដ៏អស្ចារ្យ។ លោកបន្តថា កម្មវិធីនេះមានលក់សំបុត្រក្នុងតម្លៃ១០ដុល្លារសម្រាប់ធម្មតា និងតម្លៃ២០ដុល្លារសម្រាប់សំបុត្រវីអាយភី ហើយរាល់សំបុត្រទាំងអស់នឹងអាចប្តូរយករបស់មួយចំនួនពីអ្នករៀបចំកម្មវិធីផងដែរ ហើយការពិសេសនោះ មនុស្សដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យចូលរួមក្នុងវិធីនេះទេ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីកម្មវិធី Water Sensation Phnom Penh 2018នេះ នៅថ្ងៃទី៦ ទី៧ និងថ្ងៃទី៨ខែមេសាឆ្នាំ២០១៨ នឹងចាប់ផ្តើមពីម៉ោង៥ល្ងាច រហូដល់ម៉ោង១២យប់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការជួយឧបត្ថម្ភកម្មវិធីដោយ JINRO, HONDA, Malee, SINGHA Beer, PTT, Royal Phnom Penh Hospital, Dutch Mill, JC Airline, TUR BUSTA MaX, DREAM KEY, BATHIC, COMMA, Pi Pay ៕ ដោយ៖បញ្ញាស័ក្តិ