ភ្នំពេញ ៖ ក្នុងលិខិតចុះថ្ងៃទី-១៩ ខែកក្កដា ឆ្នាំ២០២១ របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនដំណឺងថា ពលរដ្ឋអាយុពី១៨ឆ្នាំឡើង ដែលបានទទួលការវ៉ាក់សាំងដូសទី១ រួចរាល់មុនពេលបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបន្តចាក់វ៉ាក់សាំងដូសទី២ ឲ្យបានទាន់ពេលវេលាត្រឹមត្រូវ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ គឺចាក់ដូសទី២ នៅតាមទីតាំងដដែល (កន្លែងដែលធ្លាប់ចាក់) រៀងរាល់ម៉ោងធ្វើការ ៨ព្រឹក ដល់ម៉ោង ៥ល្ងាចត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត ហើយបើផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងទៀតឡើយ។

ទាក់ទិននឹងការមកទទួលចាក់វ៉ាក់សាំងនេះផងដែរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណា មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯង បញ្ជាក់អំពីស្ថានភាពសុខភាព និងលទ្ធផលអវិជ្ជមានតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន ដើម្បីចៀសវាងការចម្លងរាលដាលជំងឺកូវីដ-១៩ នៅកន្លែងចាក់វ៉ាក់សាំង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










