ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់១កង់ ផ្នែកចំណែកឯរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សដែលពាក់ផ្លាកលេខភ្នំពេញ 2-AH 7646 បានបើកបរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់១ កង់ ខ្ទេចផ្នែកខាងមុខរងការខូចខាត យ៉ាងដំណំ ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្ដបង្កបានចុះចេញពីរថយន្ត រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត



