ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដំណើរតាមសមុទ្រ។
ក្រសួងបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល៖ ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA)។ ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C នឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្ត នៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់តិច ទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។
២) បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °c សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ់ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ។
៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C អាចមានភ្លៀង ពីកម្រិតបង្គរទៅច្រើន ផ្គរ រន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។
ក្រសួងជំនាញ បានបន្តថា អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ