ភ្នំពេញ ÷ សមត្ថកិច្ចតាមប្រដេញឃាត់បានជនសង្ស័យ២នាក់ វាយខ្នោះ បន្ទាប់ពីជនសង្ស័យទាំង២នាក់នោះ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសម្នាក់បាន១គ្រឿង។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ចំណុចឃាត់បាននៅតាមបណ្តោយផ្លូវ៩៥ កែងនឹងផ្លូវម៉ៅសេទង់ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ ទី១ ឈ្មោះ ឆក់ សំណាង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជិតនិងសូរិយ៉ាម៉ល។ ជនសង្ស័យទី២ មានឈ្មោះ ផាន វិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពព័ត៌មាន ពីចម្លើយសារភាព ពីជនសង្ស័យទាំង២នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយខ្លួនបាន ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1-CR 0589 ជិះឌុបគ្នាបានធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង ពីបុរសម្នាក់បានសម្រេច រួចបានជិះរត់គេចខ្លួន បន្ទាប់មកស្រាប់តែសមត្ថកិច្ចខណ្ឌចំការមន ឃើញដេញតាមពីក្រោយ រួចក៏ឃាត់បាននៅតាមបណ្ដោយផ្លូវ ៩៥ កែងផ្លូវម៉ៅសេទុង តែម្ដងទៅ ហើយក៏បានវាយខ្នោះដឹកយកជនសង្ស័យទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ធ្វើការសាកសួរបន្ត។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចបានឲ្យជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ដើម្បីប្រគល់ទូរស័ព្ទឲ្យវិញ បន្ទាប់មកឲ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត









