Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីផែនការ ៖ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១” បានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ចសង្គម

spot_img

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ការឆ្លងរីករាលដាលជាចង្កោម នៅក្នុងសហគមន៍ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី ឬហៅថា “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១” បានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើប្រព័ន្ធសុខាភិបាលកម្ពុជា សេដ្ឋកិច្ចសង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបានអូសបន្លាយពេលវេលា និងបានពង្រីកវិសាលភាពនៃការឆ្លងជំងឺនេះ ដែលគិតមកត្រឹមថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាជនកម្ពុជាចំនួនប្រមាណជិត ៧ម៉ឺននាក់ បានឆ្លងជំងឺនេះ ដែលក្នុងនោះអ្នកជំងឺចំនួនប្រមាណជិត ៦ម៉ឺននាក់ បានជាសះស្បើយ ខណៈប្រជាជនចំនួនជាង ១ពាន់ នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នេះ។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុង”ទិវាប្រជាជនពិភពលោកលើកទី៣២” នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្ត្រីបន្តថា ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល រួមទាំងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកលដ៏កាចសាហាវ ព្រមទាំងបានធ្វើការវិវឌ្ឍន៍យ៉ាងលឿន តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ថ្មី(វីរុសបំប្លែងថ្មី) ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់កាចសាហាវច្រើនេះ ជាងមុនច្រើនដង ដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ ដោយបានចម្លងដល់មនុស្សប្រមាណជាង ១៩០ លាននាក់ នៅទូទាំងសកលលោក ក្នុងនោះមានមនុស្សប្រមាណជិត១៣លាននាក់កំពុងផ្ទុកមេរោគកូវីដ-១៩ និងមនុស្សចំនួនប្រមាណជាង ៤លាននាក់ ត្រូវបានស្លាប់ ដោយសារមេរោគកូវីដ-១៩ បានធ្វើឱ្យប្រទេសមួយចំនួន សម្រេចចិត្តដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន បិទប្រទេស ផ្អាកការឆ្លងកាត់ ដែលជាការកាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្ម ធ្វើឱ្យសេដ្ឋកិច្ចសកលលោក មានការធ្លាក់ចុះយ៉ាងគំហុក សុខភាពសាធារណៈត្រូវបានគំរាមកំហែង និងប្រឈមទៅនឹងការបាត់បង់អាយុជីវីតមនុស្ស ដែលមិនអាចប៉ាន់ស្មានបាន។ ក្នុងសភាពការនេះដែរ ព្រះរាជាណាចក្រកម្ពុជា ទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល និងការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ជាបន្តបន្ទាប់ក្តី, ចំពោះវិស័យសេដ្ឋកិច្ច ដែលកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺ ទេសចរណ៍, កម្មន្តសាលសម្រាប់ការនាំចេញ, និងសំណង់ ដែលក្នុងឆ្នាំ២០១៩ វិស័យទាំងបីនេះ បានរួមចំណែកជាង ៧០% នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណជា ៣៩,៥%។ អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជិត ៣ពាន់ ត្រូវបានផ្អាកសកម្មភាព ដែលបណ្តាលឱ្យមនុស្សជាង ៤៥ពាន់នាក់ បាត់បង់ការងារ ហើយបច្ចុប្បន្ននេះការងារចំនួនប្រមាណ ១,៧លានកំពុងប្រឈមនឹងហានិភ័យ។ កម្មករដែលបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធ ត្រូវបានប៉ាន់ស្មានថា ប្រមាណជា ៦,១លាននាក់ បានបាត់បង់ការងារ ឬប្រឈមនឹងការបាត់បង់ការងារ។

រដ្ឋមន្ត្រីក្រសួងផែនការបញ្ជាក់ថា វិស័យសុខាភិបាល និងអប់រំ ក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ សព្វថ្ងៃនេះ ស្ទើរតែគ្រប់មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងទីកន្លែងសាធារណៈមួយចំនួន ត្រូវបានប្រើប្រាស់ និងបំរុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ វិស័យសុខភាពសាធារណៈ ទូទៅក៏រងផលប៉ះពាល់ ជាពិសេស សុខភាពបន្តពូជស្រ្តីនិងក្មេងស្រី កំពុងជួបនូវហានិភ័យ។ ចំណែកឯសាលារៀនគ្រប់កម្រិត និងសកលវិទ្យាល័យ ទាំងរបស់រដ្ឋ ទាំងរបស់ឯកជន ត្រូវបានផ្អាកទាំងស្រុង ដោយដាក់ឱ្យដំណើរការតាមប្រព័ន្ធអនឡាញ (Online) ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់គុណភាពសិក្សា របស់សិស្ស, និស្សិត។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយគាំពារសង្គម សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ជាពិសេសស្ត្រី និងក្មេងស្រី ក្នុងនោះវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន៖ កម្មវិធីឧបត្ថម្ភចំពោះកម្មការិនីដែលជាស្រ្ដីមានផ្ទៃពោះនិងគ្រួសារដែលមានជីវភាពក្រីក្រ, ការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយដល់កម្មករនិយោជិត ដែលបានព្យួរការងារអំឡុងពេលដែលរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការនិង“កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩” ដែលត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សំដៅជួយដល់ប្រជាជនដែលមានជីវភាពក្រីក្រ មានប័ណ្ណសមធម៌(ក្រ១ ,ក្រ២)និងជនងាយរងគ្រោះ។
បន្ថែមពីនេះទៀត ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់គ្រួសារមានការលំបាកផ្នែកជីវភាព រួមមាន៖ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។

រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពគ្របដណ្តប់ ១០០% ចំពោះអ្នកមានប័ណ្ណក្រីក្រ តាមរយៈមូលនិធិសមធម៌សុខភាព និងគ្របដណ្តប់លើកម្មករផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ/មន្រ្តីរាជការស៊ីវិល តាមរយៈគម្រោងរ៉ាប់រងធានាសុខភាពមន្រ្តីរាជការស៊ីវិលនៃ ប.ស.ស. ដែលគ្របដណ្តប់លើកញ្ចប់សេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទពេញលេញលើគ្រប់កម្រិតថ្នាក់ នៃការថែទាំដែលមានការផ្តល់សេវា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×