ភ្នំពេញ ៖ ទីតាំងលួចកត់ឆ្នោតវៀតណាមល្មើសច្បាប់ធំៗ ៣កន្លែង ស្ថិតនៅក្បែរៗគ្នា ល្បីឈ្មោះបោះសំឡេងខ្លាំងណាស់ គ្មានសមតិកច្ចណាហ៊ានបង្ក្រាបនោះទេ , តាមប្រភពព័ត៌មានថា កុំថាឡើយបង្ក្រាបសូម្បីតែទៅរំខាន ក៏សមត្ថកិច្ចមិនទាំងហ៊ានទៅផង។ មិនដឹងថា តើសមត្ថកិច្ចខ្សោយ ឬក៏ទីតាំងកត់ឆ្នោតវៀតណាមនោះ មានមេធំៗកាង នាំមានឥទ្ធិពលខ្លាំងក្លាជាងសមត្ថកិច្ច ទើបបានជាគេមិនហ៊ានអនុវត្តច្បាប់បង្ក្រាបបែបនេះ។

ទីតាំងកត់ឆ្នោតវៀតណាម លេងចាក់ស៊ីសងធំៗលុយដុះស្លែនេះ មាន ៣កន្លែង ក្បែរៗគ្នា ស្ថិតនៅតាមបណ្តោយផ្លូវលេខ១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីដូនពេញ ក្រោយផ្សាសាមគ្គី ឬម្ដុំអតីតខារ៉ាអូខេទន្លេសេកុង។
អ្នកញៀននឹងល្បែងចាក់ឆ្នោតវៀតណាមនេះ បាននិយាយថា ទីតាំង ៣កន្លែងនេះគឺលេងច្រើនឆ្នាំហើយ ដ្បិតអី អង្គច្បាប់បានដាក់បន្ទុកថា ជាបទល្មើស មិនអនុញ្ញាតឲ្យបើកល្បែងស៊ីសងកត់ឆ្នោតវៀតណាមនេះឡើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ទីតាំង ៣កន្លែង ខាងលើនេះនៅតែមានសំណាង បានលេងឆ្នោតមានអ្នកចាក់លុយរាប់សិបលានរៀល និងរាប់ពាន់ដុល្លារ អត់មានសមត្ថកិច្ចណាទៅបង្ក្រាប , មិនដឹងថា ខាងទីតាំងកត់ឆ្នោតវៀតណាមនេះ ប្រើថ្នាំសណ្តំរូបិយប័ណ្ណ ញ៉ុកហោប៉ៅ ញ៉ុកមាត់ អួលបំពង់ក ហាមាត់និយាយលែងរួច ធ្វើឲ្យសមត្ថកិច្ចទន់ខ្លួន ទន់ជង្គង់អស់ហើយ ទើបក្រោកឡើងទៅបង្ក្រាបមិនបាន?។

ក្រុមស្ត្រីមេផ្ទះបាននិយាយរៀបរាប់អំពីទីតាំងកត់ឆ្នោតវៀតណាមនេះថា ប្ដីៗរបស់ពួកគាត់ ដែលរកស៊ីរត់ម៉ូតូកង់បី រត់ម៉ូតូឌុប និងលក់ដូរផ្សេងៗតាមរ៉ឺម៉ក រទេះ តែងតែយកលុយដែលរកស៊ីទាំងនោះ ចូលចាក់កន្ទុយលេខឆ្នោតវៀតណាម នៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ជួនកាលមានត្រូវខ្លះ ជួនកាលស៊ីអស់ឡុងចុងទាំងលុយដើម ទាំងលុយចំណេញ គ្មានលុយចូលផ្ទះទៀតផង, ពោលគឺ រកស៊ីយូរៗទៅ ឡុងចុងអស់លុយរលីង ដោយសារតែលេងល្បែងចាក់ឆ្នោតវៀតណាមនៅទីតាំងខាងលើ ហើយក៏កើតក្ដីក្ដៅក្រហាយឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ អ្នកខ្លះបែកបាក់គ្រួសារដោយសារល្បែងឆ្នោតវៀតណាមខាងលើនេះ ដូច្នេះមេត្តាសមត្ថកិច្ចទួលគោកពង្រឹងស្មារតី មានសតិសម្បជញ្ញៈជួយបង្ក្រាបផង៕ រក្សាសិទ្ធិដោយ ៖ សុភា សុផានិត

