ភ្នំពេញ ៖ ដំណើរការដោះស្រាយសំណងការខូចខាតរបងថ្មរបស់ប្រជាពលរដ្ឋ ដែលផ្ដើមចេញពីការឈូសឆាយ ពង្រីកផ្លូវទៅកាន់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងទៅកាន់បុរី អិលវីឡា ចាប់តាំងពីមានការវិវឌ្ឍន៍ត្រូវរ៉ូវគ្នាបឋមរវាងអាជ្ញាធរខណ្ឌច្បារអំពៅ និងប្រជាពលរដ្ឋរងផលប៉ះពាល់ ប្រហែលសប្តាហ៍មកនេះ មិនទាន់មានលទ្ធផលបន្តនោះទេ ឬក៏មានការសម្រេចថា ផ្ដល់សំណងបែបណានោះ ក៏ទេដែរ គឺបានត្រឹមតែម៉ាត្រូវរ៉ូវគ្នា បែបបឋមដដែល។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ តំណាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតរបងថ្មប្រវែង១៦៨ម៉ែត្រ ពីការពង្រីកផ្លូវខាងលើ បានជួបជុំគ្នាជាមួយមន្ត្រីជំនាញខណ្ឌច្បារអំពៅ ជាច្រើនរូប ចុះពិនិត្យកន្លែងដីទំនាស់ជាក់ស្ដែង ដើម្បីពិភាក្សាគ្នារិះរកដំណោះស្រាយ និងការផ្ដល់សំណង ដែលកាលនោះ មន្ត្រីការងារនៃអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត់ គឹមនី អភិបាលរងខណ្ឌច្បារអំពៅ។
ចំណុចត្រូវរ៉ូវគ្នាបឋមនោះ គឺ លោក ហ៊ត់ គឹមនី អភិបាលរងខណ្ឌច្បារអំពៅទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បាននិយាយពន្យល់ថា គម្រោងដែលត្រូវពង្រីកផ្លូវដានកង់រទេះពីដើមមានទំហំ ៨ម៉ែត្រ ឲ្យទៅជាទំហំ ១៦ម៉ែត្រនោះ ( ពង្រីកបន្ថែម៨ម៉ែត្រ ) ពេលនេះពង្រីកត្រឹមតែ ១០ម៉ែត្រ ទៅ ១២ម៉ែត្រប៉ុណ្ណោះ ទៅតាមសណ្ឋានផ្លូវ, មានន័យថា លែងប៉ះពាល់ដីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតរបងថ្មនោះទៀតហើយ គឺយើងនៅសល់តែចំណុចដោះស្រាយសំណង លើការខូចខាតរបស់ថ្មតែប៉ុណ្ណោះ ហើយថា ខាងក្រុមការងាររបស់លោក ( លោក ហ៊ត់ គឹមនី ) សូមដកឃ្លាពិភាក្សាគ្នាសិន ថាតើត្រូវផ្ដល់សំណងយ៉ាងម៉េចខ្លះ?

ប្រភពព័ត៌មានដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបានពីប្រជាពលរដ្ឋរងផលប៉ះពាល់ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានអត់ដឹងថា លោក ហ៊ត់ គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកដោះស្រាយផលប៉ះពាល់ និងវិវាទដីធ្លី បានប្រាប់ទៅប្រជាពលរដ្ឋថា ” ខ្ញុំកំពុងតែរៀបចំធ្វើសំណើសុំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ ថាតើត្រូវសងដោយរបៀបម៉េច ព្រោះគ្រឿងចក្រឈូសឆាយនោះ ជារបស់ក្រុមហ៊ុនម៉ៅការពីសាលារាជធានីភ្នំពេញ។
តាមការឆ្លើយប្រាប់ប្រជាពលរដ្ឋបែបនេះ មានន័យថា ចាប់តាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ជាថ្ងៃដែលបានជួបជុំគ្នាត្រូវរ៉ូវគ្នានោះ គិតរហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ មានរយៈពេល ១៤ថ្ងៃហើយ ក្រុមការងារអាជ្ញាធរខណ្ឌច្បារអំពៅ លើដំណោះស្រាយផ្ដល់សំណងសងថ្លៃខូចខាតរបងថ្មជូនប្រជាពលរដ្ឋនោះ មិនទាន់ត្រូវបានបន្តលទ្ធផលទៅមុខទៀតទេ ” បានត្រឹមតែកំពុងត្រៀមធ្វើសំណើសុំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ ព្រោះថា ក្រុមហ៊ុនគ្រឿងចក្រដែលធ្វើការឈូសឆាយពង្រីកផ្លូវវាយកម្ទេចរបងថ្មរបស់ប្រជាពលរដ្ឋធ្វើឲ្យខូចខាតនោះ ជាក្រុមហ៊ុនម៉ៅការរបស់សាលារាជធានីភ្នំពេញ ” គឺរយៈពេល ១៤ថ្ងៃនេះ បានត្រឹមម៉ាត្រៀមគោលការណ៍ធ្វើសំណើ។ ការយឺតយ៉ាវនេះ ត្រូវបាន លោក ហ៊ត់ គឹមនី បញ្ជាក់ថា មកពីមន្ត្រីជំនាញខណ្ឌច្បារអំពៅ មានឆ្លងកូវីដ-១៩ ហើយពួកគេជាប់ធ្វើចត្តាឡីស័ក។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋសំណូមពរថា សូមឲ្យមន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាមន្ត្រីរាជការនៅតាមស្ថាប័ននានា មេត្តាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនតាមបែបការរស់នៅគន្លងថ្មី បើមន្ត្រីជំនាញ ឬមន្ត្រីបម្រើសេវាសាធារណៈ មានឆ្លងកូវីដ-១៩ មែននោះ មិនជាបញ្ហាទេ ត្រូវតែគោរពវិធានការរបស់ក្រសួងសុខាភិបាល, ប៉ុន្តែសូមកុំយកបញ្ហាកូវីដ-១៩ ឬការជាប់ធ្វើចត្តាឡីស័ក មកបិទបាំងភាពអសកម្ម ភាពខ្ជិលច្រអូស ឬភាពគេចវេះ មិនដោះស្រាយសំណង ឬកិច្ចការផ្សេងៗជូនប្រជាពលរដ្ឋ ផ្ទុយទៅវិញ បែរជាពន្យារពេលដើម្បីប្រយោជន៍របស់ក្រុមខ្លួន។
សូមបញ្ជាក់ថា ហេតុការណ៍បង្កឲ្យមានផលរមាស់ ឈូសឆាយពង្រីកផ្លូវ វាយកម្ទេចរបងថ្មរបស់ប្រជាពលរដ្ឋចោលប្រវែង ១៦៨ម៉ែត្រនេះ បានកើតឡើងនៅ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លើចំណុចផ្លូវបំបែកចេញពីផ្លូវធំរោងចក្រស្រាបៀរថៃហ្គ័រ-ស្ពានព្រែកសំរោង ចាក់ចូលទៅកាន់វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង និងចាក់ចូលទៅកាន់បុរីដែលធំមួយឈ្មោះ បុរី អិលវីឡា ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ផ្លូវនេះមានប្រវែង ២៧១៧ម៉ែត្រ អតីតជាផ្លូវដានកង់រទេះមានទទឹងទំហំ ៨ម៉ែត្រ ហើយត្រូវពង្រីក ៨ម៉ែត្រទៀត ឲ្យទៅជាទំហំ ១៦ម៉ែត្រ ដែលមន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ មានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ និងត្រូវបានធ្វើការវិនិច្ឆ័យត្រឹមត្រូវពីក្រុមការងារជំនាញ។

ដោយសារការពង្រីកផ្លូវនេះ ធ្វើឲ្យបាត់បង់ដីប្រជាពលរដ្ឋទំហំជាង ២ពាន់ម៉ែត្រការ៉េ និងខូចខាតរបងថ្មប្រវែង ១៦៨ម៉ែត្រ (ទំហំដីប្រជាពលរដ្ឋសរុបជាង ២ម៉ឺន២ពាន់ម៉ែត្រការ៉េ និងមានប្លង់រឹងត្រឹមត្រូវឯកសារគ្រប់គ្រាន់) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងលើ បានដាក់ពាក្យបណ្ដឹងទៅសង្កាត់ព្រែកថ្មី និងជាបន្តបន្ទាប់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យជួយរកដំណោះស្រាយ និងសំណងនៃការខូចខាត សរុបពេលវេលាតាំងពីកើតទំនាស់រហូតមកដល់ពេលនេះ ជិត ២ខែកន្លងទៅហើយ បានត្រឹមតែលទ្ធផលត្រូវរ៉ូវគ្នាបឋម និងមន្ត្រីអាជ្ញាធរខណ្ឌច្បារអំពៅបានត្រឹមតែត្រៀមធ្វើសំណើសុំគោលការណ៍ពីសាលារាជធានីភ្នំពេញប៉ុណ្ណោះ មិនទាន់មានលទ្ធផលបន្តទៅមុខទៀតនោះទេ។
ដោយឡែកមន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រី សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងពាក់ព័ន្ធនឹងការពង្រីកផ្លូវនេះ ថា បើតាមការត្រួតពិនិត្យ រកមិនឃើញមានគំរោងលាយលក្ខណ៍ជាអក្សរ ឬផែនទីប្លង់មេស្ដីពីការអភិវឌ្ឍន៍ពង្រីកផ្លូវ នៅមូលដ្ឋានខាងលើរបស់សាលារាជធានីភ្នំពេញនោះទេ តែបើការផ្ដល់ជាយោបល់របស់អភិបាលរាជធានីភ្នំពេញ នោះទីស្ដីការគណៈរដ្ឋមន្ត្រីមិនដឹងឡើយ។ ជាធម្មតាប្រសិនបើមានការអភិវឌ្ឍន៍ពង្រីកផ្លូវនៅតាមមូលដ្ឋានមែននោះ សាលារាជធានីភ្នំពេញ ត្រូវធ្វើប្លង់គោល ផែនទីប្លង់មេ និងសេចក្ដីអធិប្បាយលាយលក្ខណ៍ជាអក្សរ ដើម្បីទីស្ដីការគណៈរដ្ឋមន្ត្រីពិនិត្យ និងដាក់ជូនទៅសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីសម្រេច៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN





























