Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវពង្រឹងការអនុវត្តស្ដង់ដា ឱ្យបានត្រឹមត្រូវ មុននឹងឱ្យភ្ញៀវទេសចរ ចូលទៅតំបន់ផ្សងព្រេង របស់ខ្លួន

spot_img

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានក្រើនរំឭកដល់អ្នកគ្រប់គ្រង ឬប្រធានសហគមន៍នៅតាមតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យអនុវិស័យទាំងនេះ មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។

ក្រសួងក៏បានក្រើនរំលឹកឲ្យភ្ញៀវទេសចរ ផ្នែកឯកជន និងគណៈគ្រប់គ្រងតំបន់ យកចិត្តទុកដាក់ចូលរួមអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីឆ្នាំកាលពីឆ្នាំ២០១៥ ដើម្បីជំរុញការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេងនានាឲ្យគោរពតាមស្តង់ដា ធានាបាននូវសន្តិសុខ-សុវត្ថិភាពជូនភ្ញៀវទេសចរ។

បើតាមក្រសួងទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងសំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសា បឹងទន្លេសាប ភ្នំគូលែន និងតំបន់ទេសចរណ៍ផ្សងព្រេងជាច្រើន គឺសុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ។

ក្នុងន័យនេះ តំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ត្រូវរៀបចំឲ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមចូលទៅតំបន់ផ្សងព្រេង។ អ្នកគ្រប់គ្រងតំបន់ក៏ត្រូវត្រួតពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរឲ្យគោរពទៅតាមបទបញ្ញត្តិ និងបំរាមនានា ដែលត្រូវបានកំណត់ក្នុងតំបន់នីមួយៗ ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការអនុវត្តវិធានកា ៣កុំ និង ៣ការពារ។

ទន្ទឹមនឹងនេះ ត្រូវរៀបចំឲ្យបានសមរម្យនូវបន្ទប់ទឹក និងបង្គន់អនាម័យដែលមានទំហំសមស្របដែលអាចមានលទ្ធភាពរៀបចំបាន ដើម្បីធានាសោភ័ណភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងដំណើរកម្សាន្តរបស់ភ្ញៀវ ព្រមជាមួយការរំលឹកឲ្យភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដាទេសចរណ៍ផ្សងព្រេងនេះត្រូវបានបែងចែកជា ៧ សូចនាករ ដូចខាងក្រោម៖

១- គុណភាពផ្លូវផ្សងព្រេងកម្សាន្តក្នុងព្រៃ (Quality of Trekking Way)។

២- ការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ (Tourist Information)។

៣- ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ (Infrastructure Development)។

៤- ការធានាសន្តិសុខ-សុវត្ថិភាព (Safety and Security)។

៥- ការផ្តល់សេវាកម្ម (Service Provision)។

៦- ការគ្រប់គ្រង (Management)។

៧ -ការធានាផលប្រយោជន៍សង្គម និងបរិស្ថាន (Social and Environmental Benefit)។

គួរជម្រាបថា អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថា អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

spot_img
×