ថ្មីៗនេះ មានរឿងដ៏ហួសចិត្តមួយកើតឡើងនៅក្នុងប្រទេសឥណ្ឌា ខណៈដែលនារីជាកូនក្រមុំម្នាក់ បានសម្រេចចិត្តលុបចោលពិធីមង្គលការរបស់ខ្លួនភ្លាមៗ ដោយសារតែកូនកំលោះមីញ៉ូបខ្លាំង មិនអាចអានកាសែតដោយគ្មានវ៉ែនតាបាន។
ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងស្រុក Auraiya នៃរដ្ឋ UP ប្រទេសឥណ្ឌា នៅពេលនារីជាកូនក្រមុំម្នាក់ បានបដិសេធរៀបការជាមួយកូនកំលោះ ដោយសារកូនកំលោះមិនអាចអានអក្សរដោយគ្មានវ៉ែនតា។
កូនក្រមុំឈ្មោះ Archana បានប្រាប់ ANI ឲ្យដឹងថា៖ “ឪពុកម្តាយរបស់ខ្ញុំត្រូវបានគេបោក ពួកគេមិនបានប្រាប់យើងអំពីការមើលឃើញខ្សោយរបស់កូនកំលោះនោះទេ ខ្ញុំបានបញ្ចប់ពិធីមង្គលការ ព្រោះគាត់មិនអាចធ្វើអ្វីបានដោយគ្មានវ៉ែនតាទេ”។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ពិធីមង្គលការនេះ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានបញ្ចប់ទៅវិញ គឺបន្ទាប់ពីកូនក្រមុំ Archana និងក្រុមគ្រួសាររបស់នាង មានការងឿងឆ្ងល់ ចំពោះការមើលឃើញរបស់កូនកំលោះឈ្មោះ Shivam បន្ទាប់ពីពួកគេបានឃើញគាត់មុនពេលរៀបចំពិធីមង្គលការ បានពាក់វ៉ែនតា។
ភ្លាមៗនោះ ក្រុមគ្រួសារកូនក្រមុំសម្រេចចិត្តធ្វើតេស្តិ៍កូនកំលោះ ដោយស្នើឱ្យគាត់អានកាសែតដោយមិនពាក់វ៉ែនតា ហើយលទ្ធផលបានបង្ហាញថា គាត់មិនអាចអានអ្វីបានដោយមិនដាក់វ៉ែនតាបានឡើយ ដូច្នេះគ្រួសារកូនក្រមុំបានបដិសេធយ៉ាងដាច់ខាត ក្នុងការបញ្ចប់ពិធីមង្គលការ។
តែយ៉ាងណា បញ្ហានេះក៏មិនបញ្ចប់ទៅត្រឹមនេះនោះដែរ ដោយក្រុមគ្រួសារខាងកូនក្រមុំ បានទាមទារប្រគល់ថ្លៃបណ្តាការមកវិញ ដែលពួកគេបានចំណាយទៅឱ្យកូនកំលោះរួមទាំងម៉ូតូ និងក៏ដូចជាការចំណាយផ្សេងៗ ក្នុងការរៀបចំអាពាហ៍ពិពាហ៍។
នៅពេលក្រុមគ្រួសាររបស់ Shivam បានបដិសេធប្រគល់ថ្លៃបណ្តាការ ក្រុមគ្រួសាររបស់កូនក្រមុំបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ ហើយប៉ូលីសបានព្យាយាមដោះស្រាយរឿងក្តីនេះផងដែរ ប៉ុន្តែមិនអាចធ្វើទៅបាន ព្រោះក្រុមគ្រួសាររបស់កូនកំលោះមិនយល់ព្រម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង