ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ បានបើកសវនាការប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀន ទម្ងន់ជិត មួយគីឡូក្រាម ប្រព្រឹត្តនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។
សវនាការនេះ បានធើ្វទ្បើងក្រោមការដឹកនាំ របស់លោកចៅក្រម គង់ ស្រ៊ីម ជាប្រធានប្រឹក្សាជំនុំជំម្រះ នៃតុលាការកំពូលនិង មានលោក ឌុច គឹមសន ជាតំណាងមហាអយ្យការ។
តុលាការកំពូលបានសម្រេច តម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និង តម្កល់ទណ្ឌកម្មរបស់ជនជាប់ចោទ ជាប់ពន្ធនាគារ កំណត់ ២០ ឆ្នាំដដែល និង ប្រកាសបិទផ្លូវតវ៉ា។
យោងតាមឯកសាររបស់តុលាការ, នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទមានឈ្មោះ ចាន់ សុភ័ភ្តិ ភេទប្រុស អាយុ ៤១ ឆ្នាំ មានមុខរបរ រត់ឡានតាក់ស៊ី។

ជនជាប់ចោទត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ កាត់ទោសដាក់ពន្ធធានគារ កំណត់ ២០ឆ្នាំ នឹងពិន័យប្រាក់ ចំនួន ៤០ លានរៀល ពីបទ “រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ដោយខុសច្បាប់” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់រក្ស ដដែល កាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០១៩។
ជនជាប់ចោទ ក៏បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ២០១៦។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដក ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ចំនួន ៦២៣, ៣៤ ក្រាម ពីគាត់ និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕
រក្សាសិទ្ធិដោយ: ចន្ទា ភា