Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យដឹកជញ្ជូន តាមផ្លូវអាកាស នៅកម្ពុជា ធ្លាក់ចុះជាង៩០%

spot_img

ភ្នំពេញ៖ ដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍។ នៅកម្ពុជា វិស័យអាកាសចរណ៍ បានធ្លាក់ចុះជាង ៩០ភាគរយ ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ ប៉ុន្តែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មិនធ្លាក់ចុះនោះទេ។

នេះបើតាមមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គិតត្រឹមចុងខែឧសភាឆ្នាំ២០២១នេះ វិស័យដឹកជញ្ជូនតាមផ្លូវ អាកាសនៅកម្ពុជាធ្លាក់ចុះចន្លោះពី៩២-៩៤ភាគរយ ប៉ុន្តែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការងើបឡើងវិញបន្តិច ដោយសារតែមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់សាំង ម៉ាស និងបរិក្ខាពេទ្យជាដើម។

ដោយឡែកសម្រាប់ការដឹកជញ្ជូនអ្នកដំណើរវិញ ត្រូវបានមន្រ្តីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានអ្នកដំណើរបានចំនួន ១១៥ ៣៥៣នាក់ ស្មើនឹង ៤១៣៤ ជើង ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២២ ៩៧៣ តោន។

បើតាមការព្យាករណ៍របស់អ្នកជំនាញ ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០២៣ខាងមុខ។ បើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញ អាចក្នុង អំឡុងឆ្នាំ២០២៣-២០២៤ ខាងមុខផងដែរ។

គួរបញ្ជាក់ថា ឆ្នាំ២០២០ កន្លងទៅ ចំនួនអ្នកដំណើរដែលបានធ្វើដំណើរតាមផ្លូវអាកាស មកកម្ពុជា មានជាង ២លាន ដែលចំនួននេះ មានការធ្លាក់ចុះជាង ៨០% បើធៀបនឹងពេលដូចគ្នា ឆ្នាំ២០១៩ ហើយមូលហេតុចំបងនៃការធា្លក់ចុះនេះ គឺដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍នៅទូទាំងសកលលោក និងធ្វើឲ្យប្រទេសជាច្រើនបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ ដ៏ កាចសាហាវមួយនេះ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×