Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្មបំភ្លឺ៦ចំណុច ចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា មានមតិមួយចំនួនលើកទ្បើង ពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួង ពាណិជ្ជកម្មលើថ្លៃ ទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាង ប្រទេសកម្ពុជា។

ដោយហេតុថា មតិសាធារណៈមួយចំនួនមិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ ដោយ រដ្ឋធម្មនុញ្ញ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្ត ទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និង ជួយ រកទីផ្សារលក់ផលិតផល។

ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារក្រៅប្រទេស ដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារ ឱ្យ មាន ការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះ ឡើយ។ ជាទូទៅការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យ លេខ១៧ អនក្រ.បក ចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និង ទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណ អនុញ្ញាត ការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួង ពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាព នៃ សេចក្តីត្រូវការក្នុងស្រុក ជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូល ក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និង វិធានការ ណាមួយសម្រាប់ គ្រប់ គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរ ក្នុងទីផ្សារកម្ពុជានោះទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែក្នុងករណីមានរបាយការណ៍ ស៊ើបអង្កេតដែលអាច បញ្ជាក់បានថា មានមុខទំនិញ នាំចូល ជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ ទាប ជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញ នាំចូលនោះត្រូវ បាននាំចូលដោយមានការកើនទ្បើង ដោយ គំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្ត វិធានការនានា រួមទាំង ការកំហិតបរិមាណ និងដំឡើង ពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយ ផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។

៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយ ប្រេងឥន្ធនៈនៅតាម បណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ ថ្លៃលក់រាយ នៃប្រេងឥន្ធនៈ នៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយ តម្លាភាពនូវការឡើង ចុះនៃថ្លៃនៃប្រេងឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានា ទាក់ទង នឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជន ជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុនប្រេង ក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ច សហការជាមួយ អាជ្ញាធរថ្នាក់ក្រោម ជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរី តែប៉ុណ្ណោះ។

៦. ពាក់ព័ន្ធ នឹង សំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញ យុទ្ធសាស្រ្ត ណាមួយនៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យ មានកិច្ចប្រជុំពិភាក្សា ក្រោមក្របខ័ណ្ឌ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ៕ រក្សាសិទ្ធិដោយ៖CEN

×