Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកុយ ប្រាប់មូលហេតុ មិនមានវត្តមាននាយ ក្រិន សម្តែងជាថ្មី

spot_img

ភ្នំពេញ​ ៖ តារាកំប្លែងចាស់វស្សាលោក ជួង ជីហៅ កុយ បានបញ្ជាក់នូវមូលហេតុមួយចំនួន ដែលមិនមានវត្តមាននាយ ក្រិន សម្តែងជាថ្មី ក្នុងពេលដែលតារាកំប្លែងជាច្រើន ទទួលបានទីផ្សារសម្តែងជាថ្មីឡើងវិញ។

នាយ ក្រិន នៅតែមិនមានឱកាសសម្តែងជាថ្មីឡើងវិញឡើយ បន្ទាប់ពីលោកបានវេចបង្វិច ចាកចេញពីរាជធានីភ្នំពេញ មករស់នៅឯស្រុកកំណើត នាឯខេត្តបាត់ដំបង។
ចាប់តាំងពីពេលនោះមក តារាកំប្លែងរូបនេះ បានខកខានទាំងស្រុង នៅក្នងការបន្តអាជីពកំប្លែងរបស់ខ្លួន ក្នុងពេលស្ថានភាពរស់នៅ របស់លោកក៏ស្ទើរគ្មានអ្នកបានដឹងដំណឹងផងដែរ។

ជាការកត់សម្គាល់ នៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍ និងរាត្រីស្រុកស្រែរបស់ស្ថានីយទូរទស្សន៍បាយ័ន គេសង្កេតឃើញមានតារាកំប្លែងរួមក្រុមរបស់នាយ ក្រិន មានដូចជានាយ ហុង ដា ជាដើមនោះ នៅតែបង្ហាញវត្តមានសម្តែង ជាមួយប្រធានក្រុម គឺនាយកុយដដែល។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ នៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍ គេសង្កេតឃើញមានការប្រមូលផ្តុំ តារាកំប្លែងជាច្រើនរូបចូលរួមសម្តែង ប៉ុន្តែមហាជននៅតែចាប់អារម្មណ៍ ពីការគ្មានវត្តមាននាយ ក្រិន ដដែល។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ជួង ជី ហៅកុយ បានអះអាងថា មានមូលហេតុមួយចំនួន ដែលមិនមានវត្តមានសម្តែង របស់នាយ ក្រិន គឺដោយសារពេលនេះនាយ មានជំងឺ និងរស់នៅឆ្ងាយពីភ្នំពេញផងនោះ។

លោកថា នាយ ក្រិន នៅបាត់ដំបងឆ្ងាយ ហេតុនេះនាយអាចនឹងពិបាក ធ្វើដំណើរមកចូលរួមសម្តែង ព្រោះនាយមិនមានផ្ទះនៅភ្នំពេញនោះឡើយ។

នាយ កុយ បានលើកឡើងទៀត ក្រុមរបស់លោក ក៏មានឱកាសតិចតួចបាន សម្តែងឡើងវិញដែរ ប៉ុន្តែការសម្តែងនោះ មិនទទួលកម្រៃច្រើន ដូចមុនដែរ ហេតុនេះតារាសម្តែង ក៏មានការកំណត់។

ទោះជាយ៉ាងណា ប្រសិនបើក្រុមរបស់លោក លោកមានឱកាសម្តែងច្រើន និងទទួលបានកម្រៃដូចដើមនោះ លោកក៏នឹងប្រមូលផ្តុំក្រុម របស់លោកឡើងវិញ ដោយនៅក្នុងនោះ ក៏មាននាយ ក្រិន ផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់នាយ ក្រិន នោះ នាយកុយ បានបញ្ជាក់ថា លោកហាក់មិនបានដឹងច្បាស់ ពីការរស់នៅរបស់នាយ ក្រិនឡើយ ប៉ុន្តែលោកគ្រាន់តែដឹងថា អការជំងឺរបស់នាយ ក្រិន ហាក់បានល្អប្រសើរខ្លះៗហើយ។

យ៉ាងណាលោកយល់ថា បើទោះបីជាបានធូរស្រាល ពីជំងឺលោកជឿថា នាយ ក្រិន ក៏នឹងពិបាករកការងារធ្វើសម្រាប់ចិញ្ចឹមជីវិត ដូចអាជីពសិល្បៈនេះណាស់ ដោយសារនាយមានមាឌល្អិតខុសខ្នាត ពីមនុស្សដ៏ទៃ។

គួបញ្ជាក់ថា បន្ទាប់ពីជួបរឿងភរិយា មានសហាយស្មន់ រហូតឈានដល់ការលងលះនោះ នាយ ក្រិន បានចាកចេញពីរាជធានីភ្នំពេញ ទៅរស់នៅស្រុកកំណើត នាខេត្តបាត់ដំបង រហូតមកទល់ពេលនេះ។
នៅស្រុកកំណើតនាយ ក្រិន មិនបានប្រកបរបរអ្វីជាដុំកំភួនឡើយ ដោយសារតែលោកបានញាំញីដោយជំងឺ ខណៈពេលលោកត្រូវទទួលបន្ទុករ៉ាប់រ៉ង ចិញ្ចឹមបីបាច់កូនចំនួន៣ផងដែរ៕
រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×